អាស៊ាន៤​ប្រទេស បាន​ចូលរួម​កិច្ចប្រជុំ G-20 នៅ​ជប៉ុន តែក្នុង​ឋានៈ​ផ្សេង​គ្នា

  • 2019-06-27 09:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង១០ គឺ​មាន​តែប្រទេស​ឥណ្ឌូណេស៊ី​មួយ​ប៉ុណ្ណោះ​ដែលជា​សមាជិក​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ទាំង២០ (G-20) ដែល​លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី នឹង​ចូលរួម​ក្នុងកិច្ចប្រជុំ G-20 នៅ​ក្រុងអូសាកា ប្រទេស​ជប៉ុន ពីថ្ងៃទី​២៨ ដល់ ២៩ ខែ​មិថុនា ឆ្នាំ​២០១៩។ ប៉ុន្តែ​ប្រទេស​អាស៊ាន​៣ទៀត​ដែល​ពុំមែន​ជា​សមាជិក G-20 រួមមាន​ សិង្ហបុរី ថៃ និង​វៀតណាម ក៏ត្រូវ​បាននាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ​ អញ្ជើញ​ឱ្យចូលរួម​ក្នុង​នាម​ជាភ្ញៀវកិត្តិយស​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ។

លោក ចូកូ វីដូដូ (រូបថត៖ AFP)
-សិង្ហបុរី
រូបថត៖ Reuters

លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G-20 ឆ្នាំ​២០១៩​នេះ។ ប៉ុន្តែ​នេះ​មិនមែន​ជារឿងថ្មីទេ ព្រោះ​សិង្ហបុរី ធ្លាប់​ត្រូវ​បាន​អញ្ជើញឱ្យចូលរួម​ជាច្រើន​លើក​រួចមកហើយ ដោយ​សារតែ​ប្រទេសនេះ ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​វិនិយោគ​ដ៏សំខាន់​មួយ​នៅ​អាស៊ី។ លោក លី ស៊ានឡុង នឹងចូលរួម​ពិភាក្សា​ក្នុងកិច្ចប្រជុំកំពូល​នេះ ហើយ​ព្រមទាំងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ផងដែរ។

-ថៃ

រូបថត៖ Bangkok Post

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម ក្នុងនាម​ជាប្រធាន​អាស៊ានឆ្នាំ​២០១៩​នេះ។ លោកនឹង​លើកយក​លទ្ធផល​ពី​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៤​កន្លងទៅ​ថ្មីៗនេះ ទៅបង្ហាញក្នុង​កិច្ចប្រជុំ G-20 នៅ​ជប៉ុន។

-វៀតណាម

រូបថត៖ VNEpress

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម ដោយ​សារតែ​វៀតណាម​ បាន​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៧។ វៀតណាម​ធ្លាប់ចូលរួម​កិច្ចប្រជុំ G-20 ជាលើក​ដំបូង កាលពីឆ្នាំ​២០១០ ដែលពេលនោះ​ក្នុងនាមជា​ប្រធានអាស៊ាន។ លោក ង្វៀន សួនហ៊្វុក នឹង​លើកយក​គោលនយោបាយការបរទេស​វៀតណាម​នៃ​ការចូលរួម​យ៉ាងសកម្ម​ក្នុង​យន្តការ​ចម្រុះភាគី ទៅបង្ហាញ​ក្នុងកិច្ចប្រជុំនេះ ដើម្បី​លើក​កម្ពស់​ប្រទេស​ខ្លួន ឱ្យ​ក្លាយ​ដៃគូ​ដ៏គួរឱ្យជឿជាក់ និងទំនួល​ខុសត្រូវ ក្នុង​សហគមន៍​អន្តរជាតិ។

សូមជម្រាប​ថា ប្រទេស​ដែលជា​សមាជិក G-20 រួមមាន៖ អាហ្សង់ទីន, អូស្ត្រាលី, ប្រេស៊ីល, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីតាលី, ជប៉ុន (ម្ចាស់ផ្ទះឆ្នាំ​២០១៩), ម៉ិចស៊ីកូ, រុស្ស៊ី, អារ៉ាប៊ីសាអ៊ូឌីត, អាហ្វ្រិកខាងត្បូង, កូរ៉េខាងត្បូង, តួកគី, អង់គ្លេស, សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប។

ក្រៅពី​សិង្ហបុរី ថៃ និងវៀតណាម ប្រទេស​ចំនួន៥ទៀត​ដែលត្រូវបាន​អញ្ជើញឱ្យ​ចូលរួម​ជាភ្ញៀវកិត្តិយស​រួមមាន៖ ឈីលី (ប្រធាន APEC ឆ្នាំ​២០១៩), អេហ្ស៊ីប (ប្រធាន​សហភាព​អាហ្វ្រិក ២០១៩), ហូរឡង់, សេណេហ្គាល់ (ប្រធាន​ NEPAD ឆ្នាំ​២០១៩) និង​អេស្បាញ (ភ្ញៀវកិត្តិយសអាចិន្រ្តៃយ៍)៕

ប្រភព៖ Channelnewsasia | Bangkokpost | Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;