៥ ចំណុចជួយអ្នកមានលុយល្មមៗ ងាយ​សម្រេចចិត្តទិញទូរសព្ទថ្មីឬមួយទឹកប្រើ

  • 2019-07-02 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​លុយ​តិច​តួច​ទៅ​ទិញ​ស្មាតហ្វូន​យក​មក​ប្រើ​ប្រាស់​ ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ​ ​ព្រោះ​បញ្ហា​ដែល​ពិបាក​ ​គឺ​ការ​ជ្រើស​យក​ស្មាតហ្វូន​ប្រភេទ​ណា​ ​សមត្ថភាព​ប៉ុណ្ណា​ ​ឬ​ស្មាតហ្វូន​មួយ​ទឹក​តែ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ ​ឬ​ក៏​ទិញ​ស្មាតហ្វូន​​ថ្មី​ចេញ​ពី​ប្រអប់​ដែល​មាន​លក្ខណៈ​សម្បត្តិ​មធ្យម ដើម្បី​តម្រូវ​លុយ​របស់​អ្នក។

ថ្ងៃ​នេះ​ ​Sabay​ ​សូម​បង្ហាញ​ប៉ុន្មាន​ចំណុច​សម្រាប់​អ្នក​ដែល​មាន​លុយ​តិច​តួច​ចង់​​ទិញ​ស្មាតហ្វូន​យក​មក​ប្រើ​ប្រាស់៖

១# ចំណង់​ចំណូល​ចិត្ត

ការ​ចូល​ចិត្ត​ស្រលាញ់​ ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​របស់​ដែល​ខ្លួន​ចង់​បាន​​ ​ដូច្នេះ​សម្រាប់​អ្នក​មិន​សូវ​មាន​លុយ​គួរ​សម្រេច​ចិត្ត​ទិញ​ស្មាតហ្វូន​ណា​ដែល​អ្នក​ស្រលាញ់​ទើប​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ទោះ​​វា​​មិន​មាន​សមត្ថភាព​ខ្លាំង​ក៏ដោយ។

២# សមត្ថភាព​ប្រើ​ប្រាស់របស់ទូរសព្ទ

ស្មាតហ្វូន​មួយ​ទឹក​តែ​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ ​ទំនើប​ល្បឿន​លឿន​គុណភាព​អាច​​នៅ​ប្រើប្រាស់​បាន​​អ្នក​ប្រាកដ​ជា​ពេញ​ចិត្ត​សមត្ថភាព​របស់​វា។ បើ​មិន​មាន​បញ្ហា​រអាក់រអួល​ ​តែ​វា​អាច​មាន​សភាព​ចាស់​បន្តិច​ ​ខណៈ​ស្មាតហ្វូន​ថ្មី​មាន​លក្ខណៈ​សម្បត្តិ​មធ្យម​វិញ​ ​មាន​តម្លៃ​ដូច​គ្នា​ ​ហើយ​ថ្មី​ ​និង​មាន​ប័ណ្ណ​ធានា​ទៀត​ផង​ ​គ្រាន់​តែ​មិន​សូវ​ខ្លាំង​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ហើយ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​អន់​ចិត្ត​នឹង​វា​បន្តិច។

៣#អាច​ ​Update​ ជំនាន់ថ្មី​និង​ប្រើ​ប្រាស់​ឧបករណ៍​បន្ថែម

ជា​ទូទៅ​ស្មាតហ្វូន​មួយទឹក​ ​តែ​ជា​ប្រភេទ​ស៊េរី​ទំនើប​នៅ​តែ​ទទួល​បានការ​ ​Update Software​ ​ជំនាន់​ក្រោយ​ ​ហើយ​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ប្រើ​ប្រាស់​ជា​មួយ។ ផ្ទុយ​ទៅវិញ​ប្រសិន​បើ​ ទិញ​ស្មាតហ្វូន​ថ្មី​លំ​ដាប់​មធ្យម​វិញ​នោះ​ ​គឺ​វា​ពិបាក​ខ្លាំង​ណាស់​ទាំង​ទទួល​បានការ​ ​Update Software​ ​ ​និង​ការ​ដើរ​រក​ទិញ​ឧបករណ៍​ប្រើ​ប្រាស់​បន្ថែម។

៤# ភាព​ទាន់​សម័យ​ ​និង​មាន​ទំនុក​ចិត្ត

ស្មាតហ្វូន​មួយ​ទឹក​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ ​តែ​ជា​ប្រភេទ​ស្មាតហ្វូន​ស៊េរី​ទំនើប​ ​មាន​ម៉ាក​ច្បាស់លាស់​អ្នក​នឹង​មាន​ទំនុក​ចិត្ត​ពេល​​​ប្រើប្រាស់​ព្រោះ​មាន​ក្រុមហ៊ុន​នាំ​ចូល​ច្បាស់​លាស់​ ​ឬ​មាន​ភាព​ទាក់​ទាញ​នៅ​ពេល​កាន់​តាម​ផ្លូវ​សាធារណៈ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រើ​ស្មាតហ្វូន​ថ្មី​ដែល​មិន​មែន​ជា​ស៊េរី​ទំនើប​ហើយ​​ពេល​កាន់​ដើរ​តាម​​ផ្លូវ​សាធារណៈ​ ​នោះ​ប្រហែល​ជា​មិន​មាន​ភាព​ទាក់​ទាញ​ ​និង​មាន​អារម្មណ៍​ថា​សាមញ្ញ​គ្មាន​ទំនុក​ចិត្ត​ព្រោះ​មិន​មែន​ជា​ស្មាតហ្វូន​ដែល​មាន​ម៉ាក​ល្បី។

៥# លក្ខណៈ​ពិសេសរបស់ទូរសព្ទ

បើ​ទោះ​បី​វា​បាន​ក្លាយ​ជា​ស្មាតហ្វូន​មួយទឹក​ ​ក៏​ប៉ុន្តែ​វា​នៅ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​សម្រាប់​ស្មាតហ្វូន​ទំនើប​ទាំង​នេះ​ដូច​ជា​ ​អាច​ធ្វើជា​ឧបករណ៍​បញ្ជា​ ​ទូរទស្សន៍​ ​ម៉ាស៊ីនត្រជាក់​ ​មាន​ប៊ិច​សម្រាប់​សរសេរ​ ​និង​កាមេរ៉ា​ខ្លាំង​ ​ឬ​អាច​ថត​វីដេអូ​ដល់​កម្រិត​ខ្ពស់​បាន។ កាន់​តែ​ពិសេស​ ​គឺ​មាន​សម្ភារៈ​បន្ថែម​ច្រើន​ ​ខណៈ​ស្មាតហ្វូន​ថ្មី​មួយ​ចំនួន​មិន​មាន​ដូច។

និយាយ​រួម​ទៅ​ ​រវាង​ស្មាតហ្វូន​មួយ​ទឹក​តែ​ខ្លាំង​ ​និង​ស្មាតហ្វូន​ថ្មី​តែ​ខ្សោយ​អ្នក​អាច​ពិចារណា​បាន។ ប្រសិន​បើ​អ្នក​ ​ចូល​ចិត្ត​ប្រើប្រាស់​របស់​ទំនើប​មាន​មុខងារ​ច្រើន​នោះ​ ​អ្នក​ប្រហែល​ជា​ត្រូវ​ជ្រើស​រើស​យក​ ​ស្មាតហ្វូន​មួយ​ទឹក​ម៉ូដែល​គេ​និយម​ច្រើន​ហើយ។ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ចង់​ប្រើ​របស់​មួយ​ទឹក​ ​ដែល​ខ្លាច​មាន​បញ្ហា​ ​និង​មិន​ចង់​ប្ដូរ​អ្នក​គួរ​ទិញ​របស់​ថ្មី​ទៅ​ប្រើ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;