ឆេះ​នាវា​មុជទឹក​រុស្ស៊ី​មួយ​គ្រឿង បណ្តាល​ឱ្យមាន​អ្នក​ស្លាប់ ១៤​នាក់

  • 2019-07-03 04:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​ប្រកាស​ឱ្យដឹង​កាលពីថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០១៩​ថា មនុស្ស១៤នាក់​បាន​ស្លាប់​ក្នុងហេតុការណ៍​ឆេះ​នាវាមុជទឹកធុនតូចមួយគ្រឿង ក្នុង​អំឡុងពេល​ធ្វើការស្រាវជ្រាវវិទ្យាសាស្រ្ត​នៅបាតសមុទ្រ​អាក់ទិកក្នុង​ដែនអធិបតេយ្យ​រុស្ស៊ី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩។

នាវាមុជទឹក Losharik កាលពីឆ្នាំ២០០៩ (រូបថត៖ Reuters)
ក្រសួង​បញ្ជាក់​ថា នាវិកទាំង១៤នាក់បានស្លាប់​ដោយសារ​ស្រូបផ្សែង​ដែលចេញពីអគ្គិភ័យនេះ។ ទោះជាយ៉ាងណា ក្រសួង​នេះ​មិនបានបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនោះទេ ដោយកំពុងស្ថិតក្នុងការស៊ើបអង្កេត។

នាវាមុជទឹក​ដែលរងការឆាបឆេះ មានឈ្មោះ «Losharik» ដើរដោយថាមពលនុយក្លេអ៊ែរ។ នាវានេះ ត្រូវបាន​ដាក់ឱ្យដំណើរការកាលពីឆ្នាំ​២០០៣ ដើម្បី​ធ្វើការ​ស្រាវជ្រាវ សង្គ្រោះ និង​ប្រតិបត្តិការ​យោធាពិសេស​ ដែលអាចផ្ទុកមនុស្សដល់ ២៥នាក់។

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានហៅការស្លាប់មនុស្ស១៤នាក់ ក្នុងឧបទ្ទវហេតុនេះ​ថា ជាការបាត់បង់ដ៏ធំបំផុតសម្រាប់​ប្រទេសរុស្ស៊ី។ លោកបាន​ណែនាំឱ្យក្រសួងការពារជាតិ ផ្តល់ជំនួយ និងការគាំទ្រដល់ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ។

គួររំលឹក​ថា កាលពី​ឆ្នាំ​២០០៨ មាន​ករណី​លេចធ្លាយ​ឧស្ម័ននៅលើ​នាវាមុជទឹក១គ្រឿងឈ្មោះ «Nerpa» បណ្តាល​ឱ្យមនុស្សស្លាប់ ២០នាក់ និងរបួស ២១នាក់។ ចំណែក​កាលពីខែសីហា ឆ្នាំ​២០០០ នាវាមុជទឹក​ Kursk បាន​លិចចូល​បាតសមុទ្រ Barents បន្ទាប់ពីមានការផ្ទុះ២លើក ដោយសម្លាប់មនុស្ស ១១៨នាក់៕

ប្រភព៖ The Moscow Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;