"ទឹកគឺជាជីវិត" ក្លាយ​ជា​ប្រធាន​បទ​រួមរបស់​សិល្បករ​​ខ្មែរ​១១នាក់ដើម្បី​ជួយ​សហគមន៍របស់ខ្លួន

  • 2019-07-04 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សុភាសិត​ខ្មែរ​មួយ​ឃ្លា “ទឹក​គឺ​ជា​ជីវិត" បាន​ក្លាយ​ជា​ប្រធាន​បទ​ធំ​រួម​មួយ​របស់​សិល្បករ​ផ្នែក​ថត​រូប​១២​នាក់​យក​ទៅ​ផលិត​រូប​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​ជាក់​ស្តែង និង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ទឹក​និង​ជីវិត ដែល​កើត​មាន​នៅ​សហគមន៍​ដាច់​ស្រយាល​របស់​កម្ពុជា ​។

ស្នាដៃ​រូបថត​សិល្បៈ​ចំនួន​១១៥​ផ្ទាំង​ថត​ដោយ​សិល្បករ​​ផ្នែក​ថតរូប​ល្បី​ឈ្មោះ​លោក​ ម៉ក់​​ រ៉េមីស្សា​ និង​ក្រុម​យុវជន​១១​នាក់​មក​ពី​ខេត្ត​៥​ត្រូវ​បាន​​សម្ពោធ​បើក​ឲ្យសាធារណៈ​​ចូល​មើល​សេរី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​ កក្កដា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ម្សិល​មិញ​។

​នៅ​ក្នុង​ថ្ងៃ​សម្ពោធ​បើក​លោក​ ម៉ក់​ រ៉េ​មីស្សា​ ដែល​ជា​សិល្បករ​ថតរូប​ល្បី​ឈ្មោះ​​បាន​លើក​ឡើង​ថា​​ពិពរណ៍​រូបថត​ ​"ទឹក​គឺជាជីវិត" ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ទឹក​ស្អាត​ និង​ធ្វើ​ឲ្យ​គេ​ដឹង​លឺ​ពី​បញ្ហា​ទាំង​នេះ​បាន​តាម​រយះ​រូបថត​។ រូបថត​វា​ជា​ឩ​បករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​ផ្ញើសារ​របស់​អ្នក​ផលិត​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មាន​ភាព​វិជ្ជមាន​។​

​លោក​ រ៉េ​មីស្សា​ បន្ត​ថា​ ពិពរណ៍​រូប​ថត​រូប​ថត​នេះ​បង្ហាញ​ពី​ទស្សនៈ​ខុស​គ្នា​របស់​ក្រុម​យុវជន​ចំនួន​១១​នាក់​អំពី​ប្រធាន​បទ​ "ទឹកគឺជាជីវិត-គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឡើយ​" អ្នក​ខ្លះ​ផលិត​រូប​ឆ្លុះ​បញ្ចាំង​ពី​ ទំនាក់​ទនង​ទឹក​ និងកសិកម្ម របៀប​ដាំ​ទឹក​បែប​បុរាណ​ ទឹក​ និងសត្វ​ព្រៃ​ ការ​ផ្គត់​ផ្គង់​ទឹក​ និង​ទឹក​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។

ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅកម្ពុជា​​លោក​ស្រី​ Angela Corcoran មាន​ប្រសាសន៍ថា​" នេះ​គឺជា​រឿង​ជាក់​ស្តែង​ណាស់​ ការ​ធ្វើ​ការ​ជាមួយ​អ្នកថត​រូប​វ័យ​ក្មេង​ទាំង​នេះ​បាន​ជួយ​បង្ហាញ​ពី​ឩបសគ្គ​មួយ​ចំនួន​របស់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​ទទួល​បាន​ទឹកស្អាត​ប្រើ​ប្រាស់​ ក៏​ដូច​ជា​បង្ហាញ​ពី​ដំណោះ​ស្រាយ​ដែល​មាន​សក្តានុពល។"

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ ទ្រី​មេង​ បាន​លើក​ឡើង​ថា​ ពិពរណ៍​នេះ​បង្ហាញ​ពីផ្លូវ​ និង​គាំទ្រ​ដល់​ចក្ខុវិស័យ​នៃ​ផែក​ការ​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​និង​ការ​លើក​ម្ពស់​អនាម័យនៅ​ជន់បទ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា ២០១៤-២០២៥ ដែល​គ្រោង​ថា​ប្រជាជន​កម្ពុជា​ទាំងអស់​នឹងមាន​​​ទឹក​ស្អាត​ និង​អនាម័យ​​ប្រើ​ប្រាស់​បាន​១០០ភាគរយ​ត្រឹម​ឆ្នាំ​២០២៥​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ WaterAid ដែល​ជា​អ្នក​គាំ​ទ្រ​ឲ្យ​មាន​ពិពរណ៍​នេះ​បាន​បញ្ជាក់​ថា កម្រោង​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ភាព​អង់អាច​ក្លាហាន​ដល់​យុវជន​ក្នុង​ការ​រៀបរាប់​​ពី​រឿង​រ៉ាវ​ដែល​ខ្លួន និង​សហគមន៍​ខ្លួន​បាន​ជួប​​​​បង្ហាញ​ទៅ​មនុស្ស​ទាំង​អស់​ រាជរដ្ឋាភិបាល អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ឲ្យ​បាន​ដឹង​អាច​ពិចារណា​ទទួល​យក​ដើម្បី​​ចូល​រួម​ដោះ​ស្រាយ​។

ពិពរណ៍​រូប​ថត​នេះ​ដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ រាជធានី​ភ្នំពេញ​​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ដោយ​សេរី​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​៣១​ ខែ​កក្កដា​ឆ្នាំ​២០១៩​។ សម្រាប់​រៀង​រាល់​ថ្ងៃ​សុក្រ​នៅ​ទី​នោះ​នឹង​មាន​បទ​បង្ហាញ​ខ្លី​ៗ​ពី​ការ​ថត​រូប​​ពី​សំណាក់​សិល្បករ​លោក​ ម៉ក់​ រ៉េ​មីស្សា​ និង​សិល្បករ​ដែល​ជា​ម្ចាស់​ស្នា​ដៃ​ទាំង​១១​នាក់​ផង​ដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;