ក្រុមហ៊ុន​អន្តរជាតិ​រៀបចំ​គម្រោង​វិនិយោគ ៤០លានដុល្លារ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា

  • 2019-07-05 03:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៩ នៅក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន៦ បាន​ជម្រាបជូន​សម្តេច​ថា ខ្លួន​បាន​រៀបចំ​គម្រោង​រួចហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល លើ​ទឹកប្រាក់​ប្រមាណ ៤០លាន​ដុល្លារ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
តំណាង​ក្រុមហ៊ុន​ក៏​មានការ​ចាប់​អារម្មណ៍ កសាង​មន្ទីរពេទ្យ​ថ្មី និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុងប្រទេស​កម្ពុជា ព្រមទាំង​មាន​បំណង​ចង់​ចូលរួម​ក្នុងការ​បណ្ដុះ​បណ្ដាល និង​កសាង​សមត្ថភាព​លើវិស័យ​សុខាភិបាល​នេះ។ ក្រៅពីនេះ តំណាងក្រុមហ៊ុន​ក៏មានការ​ចាប់អារម្មណ៍ទៅលើ​វិស័យ​ថាមពល និង​បច្ចេកវិទ្យា​ផងដែរ។

ជា​ការឆ្លើយតប សម្ដេចតេជោ​បានមានប្រសាសន៍​ថា សម្ដេច​គាំទ្រ​រាល់​ការវិនិយោគ​ក្នុង​ប្រទេសកម្ពុជា ជាពិសេសការ​កសាងនូវហេដ្ឋារចនា​សម្ព័ន្ធថ្មី ដូចជា​មន្ទីរពេទ្យ​ជាដើម​នេះ ការ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស និង​វិស័យថាមពល​នេះ។

សម្ដេច​នាយកមន្ត្រី ក៏បាន​អរគុណ​ចំពោះក្រុមហ៊ុន​ដែលបានចាប់​អារម្មណ៍​ចង់ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេសកម្ពុជា​លើវិស័យផ្សេងៗ ជាពិសេស​លើវិស័យសុខាភិបាល​នេះ ដោយ​សម្តេច​លើកឡើង​ថា ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅ​ឯក្រៅ​ប្រទេស​ដូចជា ប្រទេស​វៀតណាម ថៃ និង​សិង្ហបុរី​ជាដើម។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើមាន​អ្នក​វិនិយោគ​ទៅដាក់ទុន​លើ​វិស័យ​សុខាភិបាល​នៅឯប្រទេស​កម្ពុជា​នោះ វាជា​រឿងល្អ​ដោយសារ​អាចផ្ដល់​សេវាផ្នែក​សុខាភិបាល​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និងអាច​មានជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋខ្មែរ​ផងដែរ។

បច្ចុប្បន្ន​នេះ ដោយសារតែ​កម្ពុជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​ច្រើន ដូច្នេះ​វិស័យសុខាភិបាល​ដែល​បង្កើត​នៅប្រទេស​កម្ពុជា​នោះ មិនត្រឹមតែ​សម្រាប់​ព្យាបាល​ដល់ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​អាច​បម្រើ​សេវាកម្ម​ផ្នែក​សុខាភិបាល​ទៅ​ដល់​ភ្ញៀវទេសចរ​ដែលមក​ទស្សនា​ប្រទេស​កម្ពុជា​ផងដែរ។ នេះ​ជា​ការ​លើកឡើង​បន្ថែម​របស់​ប្រមុខ​រាជរដ្ឋាភិបាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;