ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង cray fish ដំបូងគេ ពង្រីកផ្ទៃដីដល់ ៣០ហិចតា
- 2019-07-05 06:58:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង cray fish ដំបូងគេ ពង្រីកផ្ទៃដីដល់ ៣០ហិចតា
ចន្លោះមិនឃើញ
លោក ផល រដ្ឋា ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង cray fish នៅក្នុងខេត្តបាត់ដំបង កំពុងចាប់ដៃជាមួយអ្នកវិនិយោគក្នុងស្រុក ដើម្បីពង្រីកផ្ទៃដីចិញ្ចឹម និងភ្ញាស់កូនបង្កង រហូតដល់ ៣០ហិចតា ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកផង និងឈានទៅធ្វើការនាំចេញផង ។ ផ្ទៃដីទាំង ៣០ ហិចតានេះ មានទីតាំងនៅក្នុងខេត្តបាត់ដំបងចំនួន ១០ ហិចតា និងនៅខេត្តកំពង់ធំ ចំនួន ២០ ហិចតា។
លោកបានបន្ថែមថា ដៃគូសហការទាំងពីរខាងលើមានដី និងទុនវិនិយោគ ចំណែកលោកជួយលើការងារបច្ចេកទេសរៀបចំកសិដ្ឋាន និងការចិញ្ចឹមថែទាំបង្កងឱ្យធំធាត់។ បង្កង cray fish មានប្រភពមកពីប្រទេសថៃ ហើយជាពូជ ដែលធន់ ងាយស្រួលក្នុងការចិញ្ចឹម សមស្របជាមួយនឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មានតម្លៃខ្ពស់នៅលើទីផ្សារចាប់ពី ៣០ ដុល្លារទៅ ៣៤ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ កសិករអាចប្រមូលផលបង្កងក្នុងពេលបីខែ និងមានទំហំចន្លោះពី ៤ ខាំ ទៅ ៦ខាំ។
លោក រដ្ឋា មិនបានបញ្ជាក់ពីទំហំវិនិយោគកសិដ្ឋានទាំងពីរទីតាំងខាងលើទេ ខណៈកសិដ្ឋានបង្កងនៅខេត្តកំពង់ធំមិនទាន់បញ្ចប់ការសាងសង់នៅឡើយ។ លោកមានអារម្មណ៍រីករាយជាខ្លាំង ដោយសារម្ចាស់កសិដ្ឋានទាំងពីរខាងលើសន្យាធ្វើជាគំរូ ខិតខំបង្កាត់ពូជ និងធ្វើការបណ្ដុះបណ្ដាលដល់កសិករទៅថ្ងៃខាងមុខ។ដូច្នេះហើយទើបលោកខិតខំប្រឹងប្រែង ដើម្បីឱ្យកសិដ្ឋានទាំងពីរអាចដំណើរការបាន។
លោកបានស្វាគមន៍ជានិច្ច ចំពោះដៃគូវិនិយោគដទៃទៀត ដែលមានបំណងសហការចិញ្ចឹមបង្កង cray fish ក្នុងទិសដៅធ្វើយ៉ាងណា ពង្រីកចំណេះដឹងដល់កសិករ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅធ្វើការនាំចេញក្នុងពេលអនាគត។
បន្ថែមលើការចាប់ដៃគូវិនិយោគចិញ្ចឹមបង្កង លោក រដ្ឋា ក៏មានបំណងចងក្រងសៀវភៅពីរបៀប និងបច្ចេកទេសនៃការចិញ្ចឹមបង្កង cray fish ផងដែរ ដោយដកស្រង់នូវបទពិសោធន៍ជោគជ័យរបស់កសិករពីតាមបណ្ដាខេត្តទូទាំងប្រទេសមានជាអាទិ៍ ការរៀបចំដីកសិដ្ឋាន និងវិធីសាស្រ្តចិញ្ចឹមជាដើម៕