លោក គួច ចំរើន ជំរុញ​ឱ្យ​ជួសជុលកែលម្អ​ផ្លូវខូច និង​ពង្រីក​បន្ថែម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​ព្រះសីហនុ

  • 2019-07-08 04:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​មានប្រសាសន៍​ថា ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់​ធ្នាប់ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុងក្រុង​ព្រះសីហនុ រដ្ឋបាល​ខេត្ដ​ត្រូវតែ​បន្ដ​ជួសជុល​កែលម្អ​ផ្លូវខូចៗ និង​ពង្រីក​បន្ថែម​ផ្លូវ​សំខាន់ៗ ក្នុងក្រុង​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ចរាចរណ៍​យានយន្ដ និងការ​រីកចម្រើន​កើនឡើង​យ៉ាង​គំហុក​របស់​ខេត្ដ។

ការ​ថ្លែងខាងលើ​នេះ ក្នុង​ពេល​ដែល​លោក គួច ចំរើន ​ចុះត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ដែលគ្រោង​ជូសជុល​កែលម្អ ឬពង្រីក​បន្ថែម សម្រាប់​ជួយសម្រួលចរាចរណ៍​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ធ្វើដំណើរ​នៅក្នុង​ក្រុង​ព្រះសីហនុ ចាប់ពី​ផ្លូវ​៣០០ រង្វង់មូល​តោ២ រហូតដល់​តំបន់​ឆ្នេរ​អូត្រេះ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ កាលពីថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៩។

លោក​អភិបាល​ខេត្ត​បញ្ជាក់​ថា ករណី​នេះ រដ្ឋបាល​ខេត្ដ ត្រូវតែ​រៀបចំ​ផែនការ​ផ្តួចផ្តើម​គំនិត ដើម្បី​ពិភាក្សា​លើ​លក្ខណៈ​បច្ចេកទេស​ជាមួយ​មន្ត្រីជំនាញ​របស់​ខេត្ដ និង​ថ្នាក់​ជាតិ ដើម្បី​ពន្លឿន​កិច្ចការងារ​ខាងលើនេះ​ឲ្យបាន​ជោគជ័យ សម្រាប់​ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្ដរជាតិ​មក​លេង ស្នាក់នៅ​លម្ហែ​កម្សាន្ដ​នៅខេត្ដ​ឲ្យបាន​ច្រើន។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ បានឲ្យដឹង​ថា ផ្លូវនៅក្នុង​ខេត្ដព្រះសីហនុ ជាពិសេស​ក្នុងក្រុង គឺត្រូវរង​ការខូចខាត​ស្ទើរទាំង​ស្រុង ដោយសារតែផ្លូវមួយចំនួនធំ​ដល់អាយុកាល​ត្រូវអ៊ុត​ថ្មី​ឡើងវិញ, កត្ដា​អាកាសធាតុ និងការ​វិនិយោគ​កើនយ៉ាង​គំហុក​ផងដែរ។ បញ្ហា​កញ្ចប់​ថវិកា នៅមាន​កម្រិត និងមាន​ភាពយឺតយ៉ាវ​ក្នុងការ​ទម្លាក់មក​ សម្រាប់​គម្រោង​ផែនការ​ជួសជុលនេះ គឺជា​ចំណុចប្រឈមមួយ​ នាំឱ្យ​ជះឥទ្ធិពល​ដល់ដំណើរការ​ជួសជុល​កែលម្អ​នេះ​ដែរ។

ទោះជាយ៉ាងណា លោក​បន្ថែម​ថា ផ្លូវសំខាន់ៗ​មួយចំនួន​ក្នុងក្រុង កំពុង​ត្រូវបាន​រៀបចំ​ជួសជុល និងអ៊ុតកៅស៊ូឡើងវិញ​ជាបន្ដបន្ទាប់​ហើយ។ ខេត្ដបាន​ទទួល​កញ្ចប់​ពិសេស​ពីរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កសាង និង​ជួសជុល​ផ្លូវ​ចំនួន ២២​ខ្សែ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្ដព្រះសីហនុ​ឡើងវិញ។

សូមបញ្ជាក់ថា​ ក្រោយប្រកាស​ចូលកាន់​តំណែង លោក គួច ចំរើន បានឱ្យ​មន្ត្រី​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃចំណុច​ប្រឈម​ចំពោះ​មុខ ដូចជា​ប្រពន្ធ័​អូរ​ប្រឡាយ សំណង់​គ្រោងដែក សណ្តាប់ធ្នាប់​ចរាចរណ៍ និងផ្លូវថ្នល់​ជាដើម ដើម្បី​មានវិធានការ​ដោះស្រាយ​បន្ទាន់។ តាមលោក​អភិបាលខេត្ត ស្ថានភាពនេះ​នឹងបាន​ប្រសើរឡើងវិញ​នៅពេលខាងមុខ​នេះ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;