ក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធររាជធានី​ ចុះរុះរើ​ស្លាកយីហោ​ខុសច្បាប់​របស់​ជនបរទេស​នៅទល់មុខ​ព្រលាន​យន្តហោះ

  • 2019-07-11 06:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បានដឹកនាំ​មន្ត្រីរាជការ​នៃមន្ទីរ​ពាណិជ្ជកម្មរាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធររាជធានី​ភ្នំពេញ ចុះរុះរើ​ស្លាកយីហោ​អាជីវកម្ម ចំនួន១១​ទីតាំង នៅទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាមបណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ការចុះទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​ខាងលើ បានធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ បន្ទាប់ពីពិនិត្យ​ឃើញថា ស្លាកយី​ហោទាំងនេះ សរសេរ​អក្សរបរទេស​នៅលើ​អក្សរខ្មែរ អក្សរបរទេស​សុទ្ធ អក្សរខ្មែរ​សរសេរ​មិនត្រឹមត្រូវ ខុសខ្លឹមសារ ខុស​អក្ខរាវិរុទ្ធ ធ្វើឲ្យប៉ះពាល់​ដល់វប្បធម៌ ប្រពៃណី អក្សរសាស្ត្រជាតិ និង​សីលធម៌​សង្គម។

នៅក្នុង​ឱកាស​នោះ លោក វ៉េង សុធី បាន​ធ្វើការ​ណែនាំ និង​ពន្យល់​ជន​បរទេស​ដែលជា​ម្ចាស់ហាង អំពីច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធានការ​ពាណិជ្ជកម្ម និង​បញ្ជី​ពាណិជ្ជកម្ម ច្បាប់ស្តីពី​ពាណិជ្ជនាម ព្រមទាំង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាមករណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​យ៉ាងដូច្នេះថា៖ «យើងបាន​ប្រាប់​គាត់​ឱ្យបំពេញ​លក្ខខណ្ឌ​បីចំនុច។ ទី១. ត្រូវប្រើប្រាស់​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ ចំពោះ​ស្លាកយី​ហោជា​ភាសាខ្មែរ ទី២. ការលើកស្លាក​យីហោ ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពីក្រសួង ឬមន្ទីរ​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី៣ ការ​ដាក់ពាក្យ​សុំ​លើកស្លាក​យីហោ​អាជីវកម្ម ត្រូវធ្វើតាម​រយៈ​ច្រកចេញចូល​តែមួយ​របស់​សាលា​រាជធានី ឬ​ខេត្ត»។

ទន្ទឹមគ្នា​នោះ​ដែរ លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពីកិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងការ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ការខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា និងច្បាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់ការ​លូតលាស់​នៃ​វិស័យ​ឯកជន ដែលជា​ក្បាល​ម៉ាស៊ីន​ដ៏សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទនិងរូបថត៖​ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;