តំបន់​ជុំវិញ​អង្គរ ភ្នំ​គូលែន បឹង​ទន្លេសាប នឹងក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី

  • 2019-07-15 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការ​ជំរុញ​យ៉ាងច្បាស់លាស់​របស់រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន នៅក្នុងការ​សិក្សា​រៀបចំ​ផែនការ​មេអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប តំបន់​ជុំវិញអង្គរ ភ្នំគូលែន បឹង​ទន្លេសាប និងតំបន់​ដែលមាន​សក្ដានុពល​នៅជុំវិញ​នោះ ត្រូវតែ​អភិវឌ្ឍន៍​ទៅជា​ផលិតផល​ទេសចរណ៍ថ្មីៗ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​សៀមរាប​បន្ថែម។ ប៉ុន្តែការ​អភិវឌ្ឍនេះ ក៏ត្រូវគិតគូរ​ដល់ការ​អភិរក្ស និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ។

ការគិតគូរ​ដល់ការ​បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ជំរុញ​យ៉ាងសកម្ម​ជារឿយៗ ហើយត្រូវបាន​លើកឡើង​ជាថ្មីនៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពីការ​រៀបចំ​ផែនការ​មេអភិវឌ្ឍន៍​វិស័យទេសចរណ៍​ខេត្តសៀមរាប កាលពី​ចុងសប្តាហ៍កន្លងទៅ។

រូបថត៖ ក្រសួងទេសចរណ៍
លោក ថោង ខុន បាន​លើកឡើង​ថា សៀមរាប-អង្គរ កំពុង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីសំណាក់ភ្ញៀវទេសចរ​អន្តរជាតិ ដោយបាន​ធ្វើឱ្យកំណើន​ទេសចរ​កាន់តែកើនឡើង​ជារៀងរាល់​ឆ្នាំ។ តួយ៉ាងនៅឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរ​ប្រមាណ ៥លាន​នាក់ បានទៅទស្សនា​តំបន់​សៀមរាប-អង្គរទាំងមូល ក្នុង​ចំណោមនោះ​មានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ២លាន​៥០ម៉ឺននាក់​ផងដែរ។

ទោះជាយ៉ាងណា កំណើននេះ​អាចនឹង​ថមថយ​ទៅវិញ ប្រសិនបើ​កម្ពុជាមិនព្រម​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រាប់​ជាកត្តា​ទាក់ទាញ​បន្ថែម ពីព្រោះ​ភ្ញៀវទេសចរ​មួយចំនួន​មិនប្រាកដ​ថា មកមើល​តែប្រាសាទ​អង្គរ និងប្រាសាទ​ដទៃទៀត ដែលស្ថិតនៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរនោះឡើយ ពោលគឺ​ពួកគេ​ប្រាកដ​ជាត្រូវការ​ដើរកម្សាន្ត​នៅកន្លែង​ផ្សេងទៀត ដែលនៅ​មិនឆ្ងាយ​ពីតំបន់​អង្គរ។

ដោយមើល​ឃើញ​ពីនិន្នាការ​របស់ភ្ញៀវទេសចរ​យ៉ាងដូច្នេះ​ហើយ បានជា​លោក​រដ្ឋមន្ត្រី ថោង ខុន ខំប្រឹងជំរុញឱ្យមាន​ការអភិវឌ្ឍ និងពង្រីក​ផលិតផល​ទេសចរណ៍​ថ្មីៗ​សម្រាប់ទឹកដី​ដ៏ប្រសិទ្ធមួយ​នេះ ក្នុងនោះ​លោកបាន​សម្លឹងឃើញ​សក្ដានុពល​ដែលមាននៅ​ឧទ្យានជាតិ​ភ្នំគូលែន (មហិន្ទ្របព៌ត) តំបន់បឹង​ទន្លេសាប និងតំបន់​ជុំវិញអង្គរ។

ពាក់ព័ន្ធការ​ចុះសិក្សា​នៅតំបន់ទាំងនោះ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រង​ឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹង​ថា ក្រុមជំនាញ​ការរបស់គណៈកម្មការ​អន្តរក្រសួង​បានចុះទៅដល់​តំបន់ទាំងនោះ​ហើយ ពិសេសគឺ​ភ្នំគូលែន និង​ទន្លេសាប ដោយបាន​សាកសួរផ្ទាល់​ជាមួយប្រជាពលរដ្ឋ និងទទួលបាន​ព័ត៌មាន​មួយចំនួន។

លោក​បានបន្តថា បើតាមការអង្កេតរបស់​ក្រុម​ជំនាញការ ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តំបន់អង្គរ ភ្ញៀវទេសចរ​ក៏និយម​ចូលចិត្តទៅ​ទស្សនាតំបន់​ឧទ្យានជាតិ​ភ្នំគូលែន និងតំបន់បឹង​ទន្លេសាប​ផងដែរ ដូច្នេះបានន័យ​ថា តំបន់ជុំវិញទាំងនោះ​ពិតជាមានសក្ដានុពលខ្លាំងណាស់​ទាំងវប្បធម៌ និង​ប្រវត្តិសាស្ត្រ។ ក្រៅពីសក្ដានុពល​ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ឧទ្យានជាតិ​ភ្នំគូលែន និងតំបន់បឹង​ទន្លេសាប ក៏អាច​រៀបចំ​អភិវឌ្ឍន៍​ទៅជា​តំបន់អេកូទេសចរណ៍ និង​កសិទេសចរណ៍ ប្រកបដោយ​ភាពទាក់ទាញបន្ថែមទៀត​ផងដែរ។

ការសិក្សា​រៀបចំ​លើផែនការ​មេនេះ នឹងត្រូវ​បញ្ចប់ជា​ដំណាក់កាលៗ ហើយនឹង​បញ្ចប់ទាំងស្រុង​នៅអំឡុង​ដើមឆ្នាំ​២០២០។ ផែនការមេនេះ​នឹងត្រូវគេ​យកមកអនុវត្តចាប់ពី​ឆ្នាំ២០២០-២០៣៥។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បាន​បញ្ជាក់​ឱ្យដឹងដែរថា ការរៀបចំផែនការ​មេនេះ គឺដើម្បី​ចូលរួម​សម្រេច​តាមចក្ខុវិស័យ​របស់​កម្ពុជា ដែលនឹង​ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ១០លាន​នាក់ នៅឆ្នាំ​២០២៥ និង​ប្រមាណ ១៥លាន​នាក់ នៅឆ្នាំ២០៣០៕

អត្ថបទ៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;