យន្តហោះ​បំបាំងកាយ​ F-35 របស់​អ៊ីស្រាអែល កើនឡើង​ដល់ ១៦​គ្រឿង​ហើយ

  • 2019-07-15 04:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ចម្បាំង​អាមេរិក F-35 ចំនួន​២គ្រឿង បាន​ចុះចត​នៅអ៊ីស្រាអែល កាលពីថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០១៩។ ការមកដល់​នេះ ធ្វើឱ្យ​ចំនួន​យន្តហោះ​បំបាំងកាយ​ជំនាន់ទី៥​នេះ បាន​កើនឡើង​ដល់ ១៦គ្រឿង​ហើយ​ក្នុងជួរ​ទ័ពអ៊ីស្រាអែល។

រូបថត៖ កងទ័ពអាកាសអ៊ីស្រាអែល
កងទ័ព​អាកាស​អ៊ីស្រាអែល បាន​ទទួល​យន្តហោះ F-35 ឬ Adir ២គ្រឿង​ដំបូងបំផុត​កាលពីខែ​ធ្នូ ឆ្នាំ​២០១៦។ ប្រហែល១ឆ្នាំក្រោយមក យន្តហោះនេះ​ត្រូវបាន​បើកប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ធ្វើឱ្យប្រទេស​នេះ ក្លាយ​ជាប្រទេសទីមួយ​ដែលបាន​ស្គាល់រសជាតិ​នៃ​ការប្រើ​វាក្នុង​ប្រតិបត្តិការ។

«សមត្ថភាព​របស់​យន្តហោះ Adir បាន​បន្ថែម​នូវ​សមត្ថភាព​យុទ្ធសាស្រ្ត និង​ប្រតិបត្តិការ​របស់កងទ័ពអាកាស​មួយកម្រិតទៀត ដែល​ធានា​នូវ​ឧត្តមភាព​របស់​កងទ័ពអាកាស​នៅរាល់គ្រប់​បេសកកម្ម ពោលគឺ​ជាការ​ការពារ និង​សុវត្ថិភាព​នៃ​វេហា​របស់​អ៊ីស្រាអែល»។ នេះបើ​តាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ព​អាកាសអ៊ីស្រាអែល។

រូបថត៖ កងទ័ពអាកាសអ៊ីស្រាអែល

កាលពី​សប្តាហ៍មុន នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមាន​អ៊ីរ៉ង់ថា យន្តហោះ F-35 របស់​អ៊ីស្រាអែល អាច​ទៅដល់​គ្រប់កន្លែង​ក្នុងមជ្ឈិមបូព៌ា។ ការ​ព្រមាន​នេះ ក្រោយ​ពេល​មន្រ្តីជាន់ខ្ពស់​អ៊ីរ៉ង់ បាន​គំរាម​ប្រល័យ​អ៊ីស្រាអែល កាលពីពេលថ្មីៗ​នេះ។

សូម​ជម្រាប​ថា អ៊ីស្រាអែល​បាន​ចុះកិច្ចព្រមព្រៀង​ទិញយន្តហោះ F-35 ចំនួន​៥០គ្រឿងពី​ក្រុមហ៊ុន​អាមេរិក Lockheed Martin ដោយគ្រោង​នឹង​បញ្ជូនឱ្យបាន​ទាំងអស់ នៅ​ត្រឹមឆ្នាំ​២០២៤៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;