រដ្ឋមន្ត្រី​មហាផ្ទៃ​ ជំរុញ​ឱ្យពន្លឿន​ផ្តល់លិខិត​អនុញ្ញាត​សាងសង់​ជូនដល់ម្ចាស់​សំណង់​ឱ្យ​បានឆាប់

  • 2019-07-16 02:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​រួម​ចំណែក​ជំរុញ និង​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​សំណង់ សម្ដេច ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បាន​ជំរុញ​ឱ្យ​អភិបាល​រាជធានីខេត្ត​ ពន្លឿន​នីតិវិធី​ក្នុងការ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ជូន​ដល់ម្ចាស់​សំណង់​ ឱ្យ​បានឆាប់​ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​កំណត់​ជា​ធរមាន។ នេះ​បើយោង​តាមលិខិតចុះថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០១៩ របស់​សម្តេច​ក្រឡាហោម ស ខេង ជម្រាប​ជូន​ទៅឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត។

ជាមួយគ្នា​នេះ សម្តេច ស ខេង ក៏បាន​ធ្វើការ​ណែនាំ​នូវចំណុច​៣ទៀត​ដូច​ខាងក្រោម៖

-ត្រូវណែនាំ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹងរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យទទួលខុសត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​សំណង់​ព្រមទាំង​ធានា​ថា​ មិនមាន​ការសាងសង់​សំណង់​ដោយគ្មាន​លិខិត​អនុញ្ញាត ឬខុសពី​លិខិត​អនុញ្ញាត​ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន ។

-ត្រូវបន្ត​លើកកម្ពស់​ការផ្តល់​សេវា​លើវិស័យ​សំណង់​នៅតាម​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ដែលមាន​យន្តការ​ច្រកចេញ​ចូលតែមួយ។

-ត្រូវអប់រំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សំណង់​ឲ្យ​យល់ដឹង និង​គោរព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធនឹង​វិស័យ​សំណង់ សុវត្ថិភាព​ក្នុងការ​សាងសង់​សំណង់ និង​ផលវិបាក​នៃការ​សាងសង់​ដែលមិន​គោរព​តាមច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​សំណង់។

រដ្ឋមន្រ្តីមហាផ្ទៃ​បាន​លើកឡើង​ក្នុង​លិខិត​នេះ​ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទន្ទឹមនឹងការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ វិស័យ​សំណង់​ក៏មាន​ការរីក​លូតលាស់​យ៉ាងឆាប់រហ័ស​គួរឲ្យកត់​សម្គាល់ ជាពិសេស​នៅតាម​ទីក្រុង និង​ទីប្រជុំជន។ ក្នុងនោះ​ក្រសួង​មហាផ្ទៃ​ ក៏បាន​កត់សម្គាល់​ឃើញថា ការសាងសង់​សំណង់​មួយចំនួន​មាន​លិខិត​អនុញ្ញាត​ពីក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ឬពី​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំង​គោរព​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់។ ប៉ុន្តែទន្ទឹមនេះ ក៏មាន​សំណង់មួយ​ចំនួនទៀត​ត្រូវបាន​ដំណើរការ​សាងសង់ ជួសជុល និងកែប្រែ​ទ្រង់ទ្រាយ​សំណង់​ដោយគ្មាន​លិខិតអនុញ្ញាត ឬខុសពី​លិខិត​អនុញ្ញាត និងពុំមាន​ការត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស​សំណង់ឲ្យ​បានត្រឹមត្រូវ ដែលករណី​ទាំងនេះ អាចបណ្ដាល​ឲ្យប៉ះពាល់​ដល់​សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាព​សំណង់ សណ្ដាប់ធ្នាប់​ និងរបៀបរៀបរយ​សាធារណៈ រហូតបង្កឲ្យ​មានគ្រោះមហន្តរាយ និងហានិភ័យ​ផ្សេងៗ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;