ប្រទេស​អាស៊ាន​ណាខ្លះហើយ​ដែល​មិនទទួល​យកសំរាម?

  • 2019-07-17 02:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចំនួន៣ ក្នុង​តំបន់​អាស៊ាន រួមមាន ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី សុទ្ធតែ​ប្រកាស​រួចមកហើយ​ថា មិន​ទទួល​យក​សំរាម​ដែល​នាំយក​មកពី​ប្រទេស​ធំៗ​ដូចជា អាមេរិក កាណាដា អូស្ត្រាលី បារាំង និង​អង់គ្លេស​ជាដើម។

រូបថត៖ AP
កាលពី​ខែឧសភា​កន្លងទៅ លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បញ្ជា​ឱ្យរដ្ឋបាល​របស់​លោក ជួល​កប៉ាល់​របស់​ក្រុមហ៊ុន​ឯកជន ដឹក​ជញ្ជូន​សំរាម​ចំនួន ៦៩​កុងតឺន័រ ត្រឡប់​ទៅប្រទេស​កាណាដា​វិញ ហើយ​បើ​កាណាដា​មិន​ទទួល​យកទេ ត្រូវ​បោះចោល​នៅ​លើ​ដី​កាណាដា​តែម្ដង។

ចំណែក​ម៉ាឡេស៊ី កាលពីខែ​ឧសភា ក៏បាន​ប្រកាស​បញ្ជូន​កាក​សំណល់​ប្លាស្ទិក​ទម្ងន់​៤៥០តោន ត្រឡប់ទៅកាន់​ប្រទេស​ដែល​ជាប្រភព​ដើមវិញ រួមមាន​ អូស្រ្តាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និង​សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តី​បរិស្ថាន​ម៉ាឡេស៊ី អះអាងថា ម៉ាឡេស៊ី និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ទៀត បាន​ក្លាយ​ជាគោលដៅ​ថ្មី​បន្ទាប់ពី​ចិន បាន​ហាមឃាត់​ការនាំចូល​សំរាម​ផ្លាស្ទីក កាលពី​ឆ្នាំ​២០១៨។

ឥណ្ឌូណេស៊ី​កាលពីពេលថ្មីៗ​នេះ បាន​ប្រកាស​គម្រោង​បញ្ជូន​សំរាម២១០តោន​ទៅអូស្ត្រាលី​វិញ និង​សំរាម ៤៩កុងទឺន័រ ត្រឡប់​ទៅបារាំង​វិញផងដែរ។ កាលពីខែ​មិថុនា ឥណ្ឌូណេស៊ី បានបញ្ជូន​កុងតឺនឺ​ចំនួន៥គ្រឿង ផ្ទុកដោយ​សំរាម​ត្រឡប់​ទៅកាន់​អាមេរិកវិញ ហើយបាន​បញ្ជាក់​ថា ប្រទេសរបស់ខ្លួន​មិនមែនជាទី​កន្លែង​សម្រាប់​ចោល​សំរាម​នោះទេ៕

អត្ថបទ​ទាក់ទង៖ មេគយ​កម្ពុជា លើកឡើង​ពីសំរាម​ ៨៣កុងទឺន័រ​ដែលដឹក​មក​ទម្លាក់​ចោល​នៅខេត្ត​ព្រះសីហនុ

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;