សម្តេច ស ខេង ថា​ជនបរទេស​នៅ​កម្ពុជា មានត្រឹម ៩ម៉ឺននាក់ មិនមែន ១លាន ២លាន​នាក់​ទេ

  • 2019-07-17 04:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែងថា ជនបរទេស​នៅកម្ពុជា​មានប្រមាណ ៩ម៉ឺន​នាក់ មិនមែន​ចំនួន​១លាន ឬ២លាន​នាក់ដូចដែល​គណបក្ស​នយោបាយ​ខ្លះបាន​លើកឡើង​នោះទេ។ ការ​ថ្លែង​នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ដកហូត​ឯកសាររដ្ឋបាល​កម្ពុជា​មិនប្រក្រតី ដែលជន​បរទេស​កាន់កាប់​ប្រើប្រាស់ និងការ​ទទួលពាក្យ​សុំប្រកាស​ទទួលស្គាល់ ជាជន​បរទេស​អន្តោប្រវេសន្ត និង​ប័ណ្ណស្នាក់នៅ​អចិន្ត្រៃយ៍ នាព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៩។

សម្តេច ស ខេង​ ថ្លែងនាពេលកន្លងមក
សម្តេចបាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «**អាច​និយាយ​ឱ្យខ្លី​ថា ជនបរទេស​ដែលនៅ​កម្ពុជា​សព្វថ្ងៃនេះ មាន​ចំនួន ៨៨ ១១២នាក់​ អាហ្នឹង​លេខ​សរុប​ចុងក្រោយ។ អ៊ីចឹង អ្នក​ឃោសនា​ដើម្បី​នយោបាយ​របស់​គណបក្ស​នយោបាយ យើង​ប្រៀបធៀប​ទៅ​តើខុសគ្នា​យ៉ាងម៉េច? រកវាមិនឃើញ ១លាន ២លានហ្នឹង ទៅរក​នៅណា មិនទាំង​ដល់ ១០ម៉ឺន​ផង។ និយាយរួម​អាច ៩ម៉ឺន ពីព្រោះ​នៅសល់​អ្នកដែល​ជាប់ឃុំ ប្រមាណ​២០០​នាក់ទៀត**»។

ជាមួយគ្នានេះ សម្តេចក្រឡាហោមកត់សម្គាល់ថា សមត្ថកិច្ច​បានដកហូតឯកសារកម្ពុជាមិនប្រក្រតី និងជនបរទេសកាន់កាប់ជាង ៣ម៉ឺន ៧ពាន់ច្បាប់ (៣៧៤៤៤ច្បាប់)។ ក្នុងនោះមានជនបរទេសចំនួន ២០ ០៩៣គ្រួសារ មនុស្ស ៦៩ ៨៨៤នាក់ មាន១០សញ្ជាតិ ក្នុងនោះភាគច្រើន​ជាជនជាតិ​វៀតណាម។

ភ្ញៀវទេសចរបរទេសដែលមានលេងខេត្តព្រះសីហនុ

សម្តេច​បន្ត​ថា ប្រសិនបើគ្មានវិធានការដកហូតឯកសារទាំងនេះទេ មានន័យថា ជនបរទេសជិត ៧ម៉ឺននាក់នឹងទទួលបានសញ្ជាតិខ្មែរ​ដោយស្វ័យប្រវត្តិ​ដោយគ្មាន​ព្រះរាជក្រឹត្យ ដែលបញ្ហានេះ គឺជា​កំហុសឆ្គង​ដ៏ធ្ងន់ធ្ងររបស់​ថ្នាក់ដឹកនាំ​មន្ត្រីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ​ក្នុងការផ្តល់លលិខិតស្នាម​រដ្ឋបាល​មិនប្រក្រតីទាំងនេះ។ ទន្ទឹមនេះ ជនបរទេស​កាន់កាប់​ឯកសារកម្ពុជា​មិនប្រក្រតី ក៏ត្រូវប្រឈមមុខ​ចំពោះផ្លូវច្បាប់ ដែលអាច​បង្កឲ្យមាន​ផលវិបាក​នានា ចេញពីបញ្ហានេះ ពាក់ព័ន្ធនយោបាយ សង្គម សេដ្ឋកិច្ច សិទ្ធិ និងផលប្រយោជន៍របស់បុគ្គលថែមទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;