ការ​ចរចា​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០ ចាប់ផ្តើម​ក្នុងខែ​​នេះ​ហើយ ខណៈឆ្នាំ​២០១៩ គឺ​១៨២ដុល្លា/ខែ

  • 2019-07-17 06:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ថា ការ​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ ត្រូវ​អនុវត្ត​តាម​ប្រតិទីន​ដូចតទៅ៖

-ខែកក្កដា ឆ្នាំ​២០១៩ ជាការចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ

-ខែសីហា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា ជាលក្ខណៈ​ទ្វេភាគី

-ខែ​កញ្ញា ឆ្នាំ​២០១៩ ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា ជាលក្ខណៈ​ត្រីភាគី

-ខែតុលា ឆ្នាំ​២០១៩ បើកកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិតស្បែកជើង សម្រាប់ឆ្នាំ​២០២០

-កំណត់យក​ថ្ងៃទី១ ខែមករា ឆ្នាំ​២០២០ ជាកាល​បរិច្ឆេទ​ចូល​ជាធរមាន​ប្រាក់ឈ្នួល​អប្បបរមា។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បន្តថា គ្រប់​ភាគី​ទាំង​អស់ ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម (ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការរស់នៅ) និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ) ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជាមូលដ្ឋាន​ក្នុងការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា នៅកម្ពុជា។

ក្រសួង​ការងារ​បញ្ជាក់បន្ថែម​ថា គ្រប់​ភាគី​ទាំងអស់ សូម​ផ្តោត​លើ​ទិន្នន័យ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត ដោយ​យោងលើ​លក្ខណៈ​វិនិច្ឆ័យ​ទាំង៧ ដូច​ដែលបាន​កំណត់​ក្នុងមាត្រា៥ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ធ្វើជាមូលដ្ឋាន​ក្នុងការ​សម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​គោលជំហរ​រួមមួយ។

សូមជម្រាប​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែកវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ត្រូវបានកំណត់​ជាផ្លូវការចំនួន ១៨២ ដុល្លារអាមេរិក​ក្នុងមួយខែ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;