ក្រសួង​សាធារណការ នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​តាមដាន​ការជួសជុល​ផ្លូវជាតិ​លេខ២១

  • 2019-07-18 02:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​តាមដាន​ការអនុវត្ត​ការជួសជុល​ផ្នែកខ្លះ​នៃ​កំណាត់ផ្លូវជាតិ​លេខ២១ ដែល​សាងសង់​មិនស្រប​តាម​លក្ខណៈ​បច្ចេកទេស ដោយត្រង់​ចំណុច​ដែលបាន​ជួសជុលរួច​មានស្នាមបែក ប្រេះ និង​សំបុកមាន់​ជាច្រើនកន្លែង និងបាន​កំពុងទទួល​រងការ​ខូចខាត​បណ្តើរៗ។ នេះបើតាមការ​បញ្ជាក់របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​នៃវិទ្យាស្ថាន KICT កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩។

លោក​ទេសរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ពីភាព​មិនប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​គុណភាព​ផ្លូវជាតិ​លេខ២១ បន្ទាប់ពី​បាន​សាងសង់​រួចរាល់ និងបាន​ណែនាំឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស និង​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ ត្រូវតែ​ធ្វើការ​ដោយ​ផ្ដោតលើ​គុណភាព​ជាចម្បង មុននឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ។

ឆ្លៀតក្នុង​ឱកាសនោះ​ដែរ លោក ស៊ុន ចាន់ថុល បានស្នើឱ្យ​ភាគីពាក់ព័ន្ធ​លើកឡើងពី​បញ្ហា​កង្វល់​របស់​ខ្លួន និងផ្តល់​ធាតុ​ចូល​ទាក់ទងនឹង​ភាព​មិនប្រក្រតី​ទាំងនោះ ដើម្បី​ធ្វើផែនការ​សកម្មភាព​ក្នុងការ​ជួសជុល កែ​តម្រូវផ្លូវនេះ​ឱ្យមាន​គុណភាព​ទទួលយក​បាន​និង​រឹងមាំ ប្រើប្រាស់​ជាប់​បាន​យូរអង្វែង។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី​បានអញ្ជើញ​ជិះកង់​ចុះពិនិត្យ​មើលគុណភាព​ស្ថានភាព​សាងសង់ផ្លូវជាតិ​លេខ២១ ចាប់ពី​កីឡដ្ឋាន​ស្រុក​កោះធំ រហូតដល់​ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់​ប្រទេសវៀតណាម) ស្ថិតក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ហើយបាន​ពិនិត្យ​ឃើញផ្នែកខ្លះ​នៃកំណាត់ផ្លូវ​ជាតិ​លេខ២១ មាន​ស្នាមបែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង។

ជាមួយគ្នា​នេះផងដែរ លោក​បាន​ស្នើឱ្យ KICT ពិនិត្យ​លទ្ធភាព​ជួយផ្តល់​ជញ្ជីង​ថ្លឹងរថយន្ត​ចល័ត​ដើម្បី​ថ្លឹងរថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់ ពិសេស​ថ្លឹងរថយន្ត​ដែលធ្វើដំណើរ​ក្នុងទិសដៅ​ចរាចរណ៍​ចេញពី​ប្រទេស​វៀតណាមចូលមក​កាន់​ទឹកដី​កម្ពុជា ដោយសារផ្លូវនេះ​មាន​លក្ខណៈ​តូចចង្អៀត មិនអាច​សាងសង់​ស្ថានីយ​ថ្លឹង​រថយន្ត​នៅម្ខាង​ផ្លូវជាប់​ទន្លេបាសាក់​បាន៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;