អាជ្ញាធរ​រាជធានី សម្រេច​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់ បត់ឆ្វេង១ខ្សែ​ទៀត

  • 2019-07-18 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅតាម​បណ្ដោយ​ផ្លូវព្រះមុនីវង្ស និងផ្លូវ​ព្រះនរោត្តម រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​បត់ឆ្វេង​មួយខ្សែទៀត នៅជាប់នឹង​ស្ពាន​អាកាស​ចាស់។ នេះ​បើតាមការ​ចុះផ្សាយ​របស់ AKP។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានីភ្នំពេញ​ បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១៩​ថា ស្ពានអាកាស​ក្បាលថ្នល់​ពីមហាវិថី​ព្រះមុនីវង្ស ទៅមហាវិថី​ព្រះនរោត្តម​ មាន​ប្រវែង ៧៧​ម៉ែត្រ ពីផ្លូវដី​ដល់​គល់ស្ពាន​ក្បាល​ថ្នល់ និងពី​គល់​ស្ពាន ដល់ស្ពាន​អាកាស​ចាស់ ១២៣​ម៉ែត្រ សរុប ២០០​ម៉ែត្រ។ ស្ពាននេះ​មាន​ទទឹង ៧,៥​ម៉ែត្រ ពី​មហាវិថី​ព្រះមុនីវង្ស បត់ឆ្វេង​ឡើងស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះនរោត្តម។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​បត់ឆ្វេង​១ខ្សែនេះ នឹងត្រូវ​បញ្ចប់​នៅចុងខែធ្នូ ឆ្នាំ២០១៩​នេះ ដើម្បីសម្រួល​ចរាចរណ៍​ជូនប្រជាពលរដ្ឋ ក្នុងការធ្វើ​ដំណើរ ខណៈដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដោះស្រាយ​បញ្ហា​ចរាចរណ៍ មិនទាន់បាន​ល្អប្រសើរ​នូវឡើយ។

សូម​ជម្រាប​ថា បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មានស្ពាន​អាកាស​ចំនួន​៦កន្លែង ហើយ គឺ​ស្ពានអា​កាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់មូល​ក្បាលថ្នល់ ស្ពានអាកាស​ស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ​ស្តុប​ពេទ្យលោកសង្ឃ ស្ពានអាកាស​៥មករា ស្ថិតនៅ​ស្ដុបតិចណូ ស្ពានអាកាស​ស្តុប​ផ្សារដីហុយ និង​ស្ពានអាកាស​ចោមចៅ​នៅរង្វង់មូល​ចោមចៅ ដែលស្ពាន​អាកាសចោមចៅ​បាន នឹងកំពុង​បើក​ការដ្ឋាន​ស្ថាបនា៕

អត្ថបទ និងរូបថតAKP

អត្ថបទថ្មី
;