កម្ពុជា អបអរ​វៀតណាម​ ដែល​ជាប់ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ UN

  • 2019-07-19 02:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សម្តែង​ការ​អបអរសាទរ​ដល់​ប្រទេស​វៀតណាម​ដែល​ជាប់ឆ្នោត​ជាសមាជិកមិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០២០-២០២១។ ជាមួយ​គ្នានេះ កម្ពុជា​ក៏បាន​គាំទ្រ​វៀតណាម​ធ្វើជាប្រធាន​អាស៊ាន​នៅឆ្នាំ​២០២០ ខាងមុខ​នេះ​ផងដែរ។

ការ​ថ្លែងខាងលើនេះ ធ្វើឡើង​ក្នុងជំនួបពិភាក្សា​ការងារ​រវាង​លោក ប្រាក់ សុខុន និង​លោក វៀង ភុជុង អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នៅទីស្តីការ​ក្រសួង​ការបរទេស កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ ផ្តល់ឱ្យ
នៅក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​នយោបាយ​រវាង​ក្រសួង​ការបរទេស​កម្ពុជា និងវៀតណាម​លើកទី៦ ដែលភាគី​ទាំងពីរ​បាន​ពិភាក្សា​លើកិច្ចការ​ជាច្រើន​ក្នុង​លក្ខណៈ​ទ្វេភាគី និង​ពិភាក្សា​លើបញ្ហា​តំបន់​បញ្ហា​អន្តរជាតិ ដែលកិច្ច​ពិភាក្សានេះ​ពង្រឹង​នូវទំនាក់​ទំនង និង​មិត្តភាព​យូរ អង្វែង​ជាប្រពៃណី​រវាង​ប្រទេស​ទាំងពីរ។ កិច្ចប្រជុំនោះផងដែរ​គឺជាកិច្ចប្រជុំមួយ​ត្រៀម​រៀបចំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​ ដែលគ្រោងនឹង​រៀបចំ​កិច្ចប្រជុំ​លើកទី១៧ នៅ​ក្នុងខែ​សីហា ឆ្នាំ​២០១៩។

ក្រៅពីនេះ លោក ប្រាក់ សុខុន ក៏​បានពិគ្រោះ​យោបល់​ជាមួយ​នឹង​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លើ​បញ្ហា​សំខាន់ៗ​ចំនួនពីរ​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​នីមួយៗ​ជាមួយនឹង​ប្រទេស​ខាងក្រៅ​ដូចជា​មហា​អំណាច​សហរដ្ឋអាមេរិក-សហភាព​អឺរ៉ុប​ផងដែរ។

លោក វៀង ភុជុង បាន​លើកឡើង​ក្នុង​ជំនួបនេះ​ថា វៀតណាម​បានតាមដាន​នូវការ​វិវឌ្ឍ​នានា​របស់​កម្ពុជា​និងអាមេរិក ក៏​ដូចជា​សហភាពអឺរ៉ុប។ ជាពិសេស​ចុងក្រោយនេះ សភា​សហរដ្ឋអាមេរិក​បានអនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​ ហើយភាគី​វៀតណាម​បានគាំទ្រ​ចំពោះប្រតិកម្មតប​របស់កម្ពុជា​ ឆ្លើយតប​ចំពោះ​សហរដ្ឋអាមេរិក​យ៉ាង​សមស្រប៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;