លោក ស៊ុន ចាន់ថុល និង​លោក គួច ចំរើន ប្រាប់​ឱ្យ​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី ខិតខំ​​សាង​ស្នាដៃ​ថ្មី

  • 2019-07-19 06:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​សម្រួល​ភារកិច្ច និង​ចូល​កាន់តំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ នាព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

សូមជម្រាប​ថា រដ្ឋមន្រ្តី​ក្រសួងសាធារណការ បាន​សម្រេចផ្ទេរ សម្រួល​ភារកិច្ច​លោក ណុបហេង ពី ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យមក​បម្រើការងារ​នៅទីស្ដីការ​ក្រសួង ដើម្បី​ទទួល​ភារកិច្ចថ្មី ហើយ​ផ្ទេរ​លោក បូរី វង្សសានិត ពីអនុ​ប្រធាន​នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស មកជា​ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ជំនួស​វិញ។

ថ្លែងក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល បាន​ធ្វើការ​ណែនាំ​ដល់ប្រធានមន្ទីរ​សាធារណការខេត្ត​ថ្មី ត្រូវខិតខំ​បំពេញ​ការងារ សហការ​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុងខេត្ត អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និង​លិខិត​បទដ្ឋាន​នានា តាម​គោលការណ៍​ក្រសួង និង​តាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឱ្យមាន​ប្រសិទ្ធភាព គណនេយ្យ​ភាព និង​តម្លាភាព ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍខេត្ត​ព្រះសីហនុ ឱ្យកាន់តែ​មានការ​រីកចម្រើន​បន្ថែម​ទៀត។

ចំណែក​លោក គួច ចំរើន ​ក៏បាន​ប្រាប់​ឱ្យលោក​ប្រធាន​មន្ទីរថ្មី ប្រកាន់​ភ្ជាប់​នូវ​សាមគ្គី​ជាធ្លុង​មួយ សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​បន្តទៀត និង​អនុវត្ត​នូវ​អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង​បាវចនា​ពីរបន្ថែម​ទៀត គឺកែ​ទម្រង់​ខាងក្នុង និង​បង្កើនមិត្ត​ខាងក្រៅ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;