ឧបនាយករដ្ឋមន្រ្តី៖ ម្ចាស់​ផ្ទះ​ដែល​មិនរាយការណ៍​ពីការ​ស្នាក់នៅ​របស់​ជនបរទេស នឹង​ត្រូវផ្តន្ទា​ទោស

  • 2019-07-20 10:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា ចំពោះ​ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន​ណា​ដែល​មិន​បាន​រាយការណ៍​ពីវត្តមាន​នៃការស្នាក់នៅ​របស់​ជនបរទេស​តាមការ​កំណត់​នៃ​ច្បាប់ និង​បទដ្ឋាន​គតិ​យុត្តនានា នឹង​ត្រូវ​ផ្តន្ទាទោស​តាមបទប្បញ្ញតិ​ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ និង​ច្បាប់​ផ្សេងៗទៀត​នៃ​ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាម​សេចក្តីណែនាំ​ស្តីពីការ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ចុះ​ហត្ថលេខាដោយ​សម្តេច ស ខេង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៩។

ការ​ចេញ​សេចក្តីណែនាំ​នេះ គឺ​ដើម្បី​ពង្រឹង​ការ​អនុវត្តច្បាប់​ស្តីពី​អន្តោប្រវេសន៍ សំដៅ​បង្កើន​ការគ្រប់គ្រង​វត្តមាន​នៃការស្នាក់នៅ​របស់​ជន​បរទេស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ធានាការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​សុវត្ថិភាព​ផ្ទាល់របស់​ជនបរទេស​គ្រប់​រូប​ដែលនៅក្នុងប្រទេស​កម្ពុជា។

សម្តេច​ក្រឡាហោម ​បាន​ណែនាំ​ឱ្យ​ម្ចាស់​ឬអ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់ប្រភេទ ត្រូវរាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដេលបាន​ចូលមកស្នាក់នៅ​ក្នុងទីតាំង​របស់ខ្លួន ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​នៅក្នុងមូលដ្ឋាន​នោះ តាមរយៈ​គំរូ​របាយការណ៍ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​វត្តមាន​ជនបរទេស ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ឱ្យលើសពីរយៈពេល ២៤ម៉ោង។ ក្នុងករណី​ម្ចាស់ ឬអ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់ប្រភេទ​ជាជនបរទេស ត្រូវ​រាយការណ៍​បន្ថែម​អំពី​វត្តមាន​របស់​ខ្លួនឯង និង​សមាជិក​ដែលជាជនបរទេស​ក្នុង​បន្ទុក ក្នុងរយៈពេល​មិនលើសពី ២៤ម៉ោង​ដូចគ្នា។

សេចក្តីណែនាំដដែលបន្ត​ថា ខ្លឹមសារ​នៃសេចក្តី​រាយការណ៍ ត្រូវ​បញ្ជាក់​ច្បាស់​អំពី​រយៈពេលស្នាក់នៅ រយៈពេល​បន្តការស្នាក់នៅ និង​ឧប្បទ្ទវហេតុ​នានា​លើ​ជនបរទេស ដើម្បី​កម្លាំង​សមត្ថកិច្ច មាន​វិធានការ​សមស្រប​ទាន់ពេល​វេលា៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;