ទិដ្ឋភាព​នៃការ​សាងសង់​ផ្លូវជាតិ​លេខ១១ ចាប់​ពីអ្នក​លឿង ដល់ថ្នល់​ទទឹង

  • 2019-07-21 02:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហោះ​នូវរូបភាព​១៥សន្លឹក​បង្ហាញ​ពី​សកម្មភាព​ការងារ​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ១១ ចាប់ពី​អ្នកលឿង ដល់​ថ្នល់ទទឹង។ ក្នុងនោះ​​សកម្មភាព​អ៊ុតកៅស៊ូ នៅចន្លោះ PK: ៣៩+៣០០ ដល់ PK: ៣៨+៣០០ បាន​ប្រវែង ១០០០​ម៉ែត្រ នៅថ្ងៃទី២០ ខែកក្កដា។ ប្រវែង​សរុប​នៃការ​អ៊ុតកៅស៊ូ​បានប្រវែង ៥៧០០ម៉ែត្រ​ហើយ គិតចាប់​ពី PK: ៤៤+០០០។

សូម​រំលឹក​ថា  គម្រោង​សាងសង់​ឡើងវិញ​ផ្លូវ​ជាតិ​លេខ​១១ និង​ផ្លូវវាង​ គឺមាន​ប្រវែង​សរុប ៩៦,៤៨​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ភូមិ​លេខ​៤ ឃុំ​ព្រែក​ខ្សាយ-ខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដល់​ថ្នល់​ទទឹង ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ គម្រោង​សាងសង់​នេះ ត្រូវបាន​បើក​ការដ្ឋាន​នៅព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨។

ផ្លូវជាតិ​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ លើក​កម្ពស់ និង​ពង្រីក​ទទឹង​ផ្លូវពី ៩​ម៉ែត្រ ទៅ ១១​ម៉ែត្រ ក្រាល​ស្រទាប់​គ្រឹះ​ទាំង​លើ និង​ទាំង​ក្រោម​កម្រាស់ ៦០​សង់ទីម៉ែត្រ មាន​ទិស​ចរាចរណ៍​ចំនួន​២​គន្លង (១​ទៅ ១​មក) បំពាក់​ដោយ​ផ្លាក​សញ្ញា​ចរាចរណ៍ គូស​គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដង​ផ្លូវ​ផងដែរ។

គម្រោង​ផ្លូវនេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៩៤,១៥ លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់-ស្ពាន ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុម ហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​សំណង់ ក្វាងចូវ​វ៉ានអាន។ ​រយៈពេល​សាងសង់​គឺ​មាន​ចំនួន ៤៤​ខែ ចាប់ពី​ខែ​មីនា ឆ្នាំ​២០១៨ ដល់​ដើម​ឆ្នាំ​២០២១៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;