ផ្លូវ​ខ្នង​ភ្នំគូលែន​ ត្រូវបាន​រកឃើញ​ថា មិនទាន់មាន​សុវត្ថិភាព​ក្នុងការ​ធ្វើចរាចរណ៍​នៅឡើយទេ

  • 2019-07-25 07:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ បាន​សង្កេត​ឃើញ​ថា មាន​ផ្នែក​មួយចំនួន​នៃផ្លូវខ្នងភ្នំគូលែន មិនទាន់មាន​សុវត្ថិភាព​ក្នុងការធ្វើចរាចរណ៍​នៅឡើយទេ។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិអប្សរាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់​ថា ទីតាំង​មួយចំនួនទៀត​នៃផ្លូវនេះ មាន​គ្រាប់​ក្រួស​ដែលអាច​បណ្តាល​ឱ្យរថយន្ត​ក្នុងស្ថានភាព​ចុះ​ចំណោត​ ងាយរអិល ហើយ​ចំណុច​បត់កោង​មួយចំនួន​ទៀត ​មាន​សភាព​តូច​ចង្អៀត និងមិនទាន់​បាន​ធ្វើ​ជម្រាល​សុវត្ថិភាព​នៅឡើយទេ។

រថយន្តក្រឡាប់នៅលើផ្លូវខ្នងភ្នំគូលែន កាលពីពេលថ្មីៗនេះ (រូបថត៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)
ក្នុង​ន័យនេះ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ក្រុម​ការងារ​សម្រេច​បិទ​ផ្លូវនេះ​ទាំងស្រុង​ចាប់ពីចំណុច​ផ្លូវឡើង​ពីស្រុកស្វាយលើ រហូតដល់​ភូមិតាពេញ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​រហូត​ដល់​ផ្លូវនេះ ស្ថាបនា​រួចរាល់​ជាស្ថាពរ លើកលែង​តែ​ប្រជាជន​ដែលរស់នៅ​លើ​ខ្នង​ភ្នំគូលែន ដែលមាន​លិខិត​ឆ្លងកាត់​ផ្លូវបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។

ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ដែលមាន​សមាសភាព​មកពី​សាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បាន​ធ្វើការ​ប្រជុំពិភាក្សា និង​ការចុះពិនិត្យ​ជាក់ស្តែង​ស្តីពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់​នៃការធ្វើចរាចរណ៍​លើផ្លូវកំពុងស្ថាបនា​លើខ្នង​ភ្នំគូលែន៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;