លោក គួច ចំរើន ប្រាប់ទូតអូស្ត្រាលីថា ខេត្តព្រះសីហនុប្រែមុខមាត់ទៅជាខេត្តពាណិជ្ជកម្ម កាស៊ីណូ និងទេសចរណ៍
- 2019-07-26 04:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន ប្រាប់ទូតអូស្ត្រាលីថា ខេត្តព្រះសីហនុប្រែមុខមាត់ទៅជាខេត្តពាណិជ្ជកម្ម កាស៊ីណូ និងទេសចរណ៍
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនលោកស្រីអេនជីឡា ខូខូរាន ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបគ្នាមួយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អំពីពីបញ្ហាប្រឈមមានដូចជា ផ្លូវថ្នល់ លូទឹកកខ្វក់ និងអនាម័យ បរិស្ថាន (សំរាម)។ លោកថា បច្ចុប្បន្នខេត្តព្រះសីហនុ ប្រែមុខមាត់ទៅ ជាខេត្តពាណិជ្ជកម្ម ដឹកជញ្ជូន កាស៊ីណូ និងទេសចរណ៍ ដែលតម្រូវឱ្យមានហេដ្ឋារចនាសម្ពន្ធ័ល្អ។
លោកអភិបាលខេត្តបន្តថា ការអភិវឌ្ឍយ៉ាងគំហុកបង្កឱ្យខូចខាតផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តបានកៀរគរគ្រប់ស្ថាប័នពាក់ពន្ធ័ និងវិស័យឯកជនចូលរួមកែលម្អបរិស្ថាន និងសោភ័ណភាព ដោយសារតែកំណើនប្រជាពលរដ្ឋមានការកើនឡើង មកពីបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានមករកស៊ី ទទួលទានតាមសមត្ថភាព។ ម្យ៉ាងទៀតក្រោយពេលសំណង់ត្រូវបានសាងសង់រួច ខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មកាន់តែច្រើន ហើយបញ្ហាទឹកកខ្វក់ បរិស្ថានមានបញ្ហាប្រឈម ចាប់ពីពេលនេះ រហូតទៅអនាគត ការគ្រប់គ្រងទឹកកខ្វក់ ធ្វើឡើងតាមបច្ចេកទេស។
លោក គួច ចំរើន បញ្ជាក់ថា ខេត្តមានដំណោះស្រាយដោយចែកលូទឹកភ្លៀង និងទឹកកខ្វក់ផ្សេងគ្នា ត្រូវសាងសង់អាងប្រព្រឹត្តកម្មសាធារណៈ និងវិស័យឯកជន ដោយត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត ក្រុង ។ ធនាគារ ADB មានគម្រោងជួយលូទឹកភ្លៀង ដើម្បីកាត់បន្ថយទឹកកខ្វក់នៅក្នុងក្រុងផងដែរ។
ជាមួយគ្នានេះ លោកបានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម បង្កើនរថយន្ត និងកម្មករ ក្នុងការប្រមូលសំរាមចេញបានទាន់ពេលវេលា។ ទន្ទឹមនឹងការរីកចម្រើនក៏មានផលប៉ះពាល់មួយចំនួន ក៏ប៉ុន្តែប្រជាពលរដ្ឋទទួលបានផលផ្លែផ្កាពីការវិនិយោគនេះផងដែរ ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនប្រកាន់និន្នាការនយោបាយ មិនថា ចិន អាមេរិក បារាំង ឬប្រទេសណាទេ កម្ពុជានឹងស្វាគមន៍ទទួលយកអ្នកវិនិយោគ និងទេសចរណ៍មកពីគ្រប់ទិសទី មកកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែអ្នកវិនិយោគ និងអ្នកទេសចរត្រូវតែគោរពច្បាប់កម្ពុជា។
ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ បានធ្វើបច្ចុប្បន្នភាពក្នុងការពង្រីកវិសាលភាពគួរឱ្យកត់សំគាល់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធសំណង់។
លោកស្រីបានបញ្ជាក់ថា ដោយមើលឃើញពីការរីកចម្រើនលើវិស័យសំណង់ ពិសេសស្តង់ដាគុណភាពសំណង់ កន្លងមក លោកស្រីបានជួបលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងដែនដី ពិភាក្សាពង្រឹងគុណភាពសំណង់ ដោយយល់ព្រមបង្កើតកម្មវិធីរួមមួយ ជួយផ្នែកបច្ចេកទេសដល់ក្រសួងដែនដី និងអាជ្ញាធរខេត្ត ក្នុងនោះគឺដំណើរការសាកល្បងមុនគេនៅខេត្តព្រះសីហនុ។
លោកស្រីលើកឡើងថា ប្រទេសអូស្ត្រាលី និងកម្ពុជាមានទំនាក់ទំនង ៦៥ឆ្នាំ លើកិច្ចសហប្រតិបត្តិការជួយអភិវឌ្ឍផ្នែកសន្តិសុខក្នុងតំបន់ វិស័យការពារជាតិ ពាណិជ្ជកម្ម ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ដោះមីន ដែលកម្មវិធីទាំងនេះមានក្នុងខេត្តព្រះសីហនុផងដែរ។ ក្រៅពីនេះ ក៏មានគម្រោងសមធម៌ សុខាភិបាលដល់មន្ទីរពេទ្យខេត្ត ជួយក្រសួងផែនការ ក្នុងការកំណត់អត្តសញ្ញាណកម្ម ជួយប្រជាពលរដ្ឋក្រីក្រ និងបានផ្តល់អាហារូបករណ៍ដល់និស្សិត ផ្តល់ជំនួយដល់អង្គការនៅខេត្តព្រះសីហនុ (អង្គការម្លប់តាប៉ាង) និងគម្រោងជួយកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ច។ កិច្ចសហប្រតិបត្តិការរបស់សហព័ន្ធអូស្ត្រាលី ជួយលើផ្នែកលិខិតឆ្លងដែន គ្រឿងញៀន ផ្តល់ការហ្វឹកហ្វឺនដល់ប៉ូលីស ជំនួយផ្នែកយោធាដល់មូលដ្ឋានកងទ័ពជើងទឹករាម សង់រោងជាងថែទាំបច្ចេកទេស អគារសម្ភារៈ ជួយដល់គណកម្មការជាតិសន្តិសុខលម្ហសមុទ្រ លើផ្នែកព័ត៌មានវិទ្យា ផ្តល់អគារធ្វើការ បណ្តុះបណ្តាលភាសារអង់គ្លេសជាដើម៕
អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ