មេទ័ព​ជើងគោកកម្ពុជា ជួប​មេទ័ព​ ២រូប របស់​ប្រ៊ុយណេ

  • 2019-07-26 10:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​លោក​ Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រីទី ២ ក្រសួងការពារជាតិប្រ៊ុយណេ កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof បានបញ្ជាក់ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាន។

លោក​បាន​គាំទ្រគំនិតផ្តួចផ្តើមសកម្មភាពទ្វេភាគីរួមគ្នា ដែលកងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើតនៅពេលអនាគត។ លោក​បានបញ្ជាក់ថា ការរក្សាសិ្ថរភាព និងសន្តិភាពក្នុងតំបន់ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងតំបន់មានឱកាសក្នុងការអភិវឌ្ឍ និងរីកចំរើន។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រ៊ុយណេ ដែលបានទទួលស្វាគមន៍យ៉ាកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជឿជាក់ថាដំណើរទស្សនកិច្ចនេះ ជាការបន្តរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគតទាំងកម្រិតទ្វេភាគី និងតំបន់អាស៊ានទាំងមូល។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា បញ្ហាសន្តិសុខជាបញ្ហារួម ពុំសំដៅចំពោះប្រទេសណាមួយឡើយ ហើយជាពិសេសក្នុងសម័យកាលសាកលភាវូបនីកម្ម និងបច្ចេកវិទ្យា ហេតុនេះការភ្ចាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការបង្កើតសកម្មភាពរវាងបុគ្គល និងបុគ្គល នឹងជួយសម្រួលក្នុងកិច្ចសហប្រតិបត្តិការនៅពេលអនាគត។

ក្រោយពីជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីទី២ ក្រសួងការពារជាតិប្រ៊ុយណេ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានបន្ត​ដឹកនាំគណៈប្រតិភូកម្ពុជា ជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud អគ្គមេបញ្ជាការកងទ័ពប្រ៊ុយណេ នៅថ្ងៃដដែល។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ Pengiran Dato Paduka Seri Aminan bin Pengiran Haji Mahmud បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​បាន​គាំទ្រការរក្សា និងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ជាការពិតណាស់ការបង្កើតទំនាក់ទំនាក់នាំមកនូវភាពស្និទ្ធ​ស្នាល និងយោគយល់គ្នាកាន់តែស៊ីជម្រៅនៃកងទ័ពប្រទេសទាំងពីរ។ មេបញ្ជាការកងទ័ពជើងគោក មានជំនឿថា កងទ័ពប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

បន្ទាប់ពីជំនួបចប់ គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានទស្សនៈកិច្ចសារមន្ទីកងទ័ពប្រ៊ុយណេ ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;