លោក ប្រាក់ សុខុន នឹង​ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសថៃ

  • 2019-07-27 06:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាមការ​អញ្ជើញរបស់លោក ដូន ប្រាំម៉ូដវីណៃ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ លោកឧបនាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្​តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។

លោក ប្រាក់ សុខុន រួមជាមួយ​រដ្ឋមន្រ្តីការបរទេសអាស៊ាន​ដទៃទៀត នឹងអញ្ជើញ​ចូលជួបសម្ដែង​ការគួរសមជាមួយលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រថៃ។

ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងផ្តោតជា​សំខាន់ទៅលើការ​លើកកម្ពស់កិច្ច​សហប្រតិបត្តិការ​ ដើម្បីជំរុញ​បន្ថែមទៀត​នូវដំណើរការកសាង​សហគមន៍​អាស៊ាន និងការ​ពង្រឹង​និម្មាបនកម្មតំបន់ ដែលផ្តោតទៅលើ​មជ្ឈភាព​អាស៊ាន ក៏ដូចជា​ការពង្រីក​ភាពជាដៃគូ​ជាមួយ​ដៃគូសន្ទនា​អាស៊ាន និងភាគី​ខាងក្រៅ។

លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំ ដូចខាងក្រោម៖

-ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

-កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២

-សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២០

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី៩ និង

-វេទិកាតំបន់អាស៊ានលើកទី២៦។

ក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលហ្សេឡង់ (២០១៨-២០២១) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើជាសហប្រធានជាមួយលោក វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ កិច្ចប្រជុំ «សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយនិងនូវែលហ្សេឡង់» ។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននេះ លោក​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសាធារណរដ្ឋប៉េរូ និងសាធារណរដ្ឋអាហ្រ្វិកខាងត្បូង។ លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន-ចិន និង គំនិតផ្តួចផ្តើមអាស៊ាន-អូស្រ្តាលី ប្រយុទ្ធប្រឆាំងនឹងការជួញដូរ។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំដទៃទៀត ដូចខាងក្រោម ៖

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសគំនិតផ្តួចផ្តើមមេគង្គក្រោម លើកទី១២

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១០

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី៩ និង

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១២។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយលោក វីនស្តុន ភីទ័រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន, លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន, លោកស្រី អ៊ីណេ ម៉ារី អេរិកសិន រដ្ឋមន្រ្តីការបរទេសន័រវែស ព្រមទាំងប្រមុខនៃគណៈប្រតិភូនៃប្រទេសមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;