លោកត្រាំថា​សិង្ហបុរី​ជា «ប្រទេស​អ្នកមាន» តែបែរ​បន្ទាប​ខ្លួន​ថា​ជា «ប្រទេស​កំពុងអភិវឌ្ឍន៍» ទៅវិញ

  • 2019-07-28 02:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចោទ សិង្ហបុរី និង​ប្រទេស​មួយចំនួនទៀត ដែល​សុទ្ធតែជា​ប្រទេស​អ្នកមាន តែបែរ​ជាបន្ទាបខ្លួន​ប្រកាស​នៅអង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថា ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅវិញ ដើម្បី​កេងចំណេញ​ពាណិជ្ជកម្ម។ នេះបើតាម​របាយការណ៍​ចេញផ្សាយ​ដោយ​សេតវិមានកាល​ពីថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

លោក លី ស៊ានឡុង ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ នាពេលកន្លងមក (រូបថត៖ The Dispatch)
លោក ត្រាំ បាន​លើកឡើង​ក្នុង​របាយការណ៍​នេះ​យ៉ាងដូច្នេះថា៖ «**ប្រទេស៧ ក្នុងចំណោម​ប្រទេស១០ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​គេបំផុត​ក្នុង​ពិភពលោក ដែលវាស់វែងដោយ​ផលិតក្នុងស្រុក​សរុបក្នុង​មនុស្សម្នាក់ (GDP Per Capita) រួមមាន ប្រ៊ុយណេ ហុងកុង គូវែត ម៉ាកាវ កាតា សិង្ហបុរី និង​អារ៉ាប់រួម បច្ចុប្បន្ន​នេះ បានអះអាង​ថាខ្លួន​ជាប្រទេស​កំពុង​អភិវឌ្ឍន៍។ ម៉ិចស៊ីកូ កូរ៉េខាងត្បូង និងតួកគី ដែលជា​សមាជិក G20 និងអង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ក៏បាន​អះអាង​អ៊ីចឹង​ដែរ**»។

ក្រោយចេញ​របាយការណ៍​នេះ លោក​ប្រធានាធិបតី​ក៏បាន​បង្ហោះ​នៅលើ​បណ្តាញទ្វីតធើ​លោក​ផងដែរ​ថា ប្រទេស​ទាំងនេះ កំពុងតែ​កេងចំណេញ​ពាណិជ្ជកម្ម​យ៉ាងអយុត្តិធម៌​ចំពោះ​ការប្រកាស​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បែបនេះ។

លោក​សរសេរ​យ៉ាងដូច្នេះ​ថា៖ «WTO គឺបាន​ខ្ទេចខ្ទាំហើយ នៅពេល​ប្រទេសអ្នកមាន​បំផុត​ក្នុងលោក បាន​ប្រកាសខ្លួន​ជាប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ចៀសវាង​ច្បាប់ WTO និង​ទទួល​បាន​នូវ​ករណី​ពិសេស (ពាណិជ្ជកម្ម)។ រឿងបែបនេះ​លែងមាន​ទៀតហើយ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;