អាជ្ញាធរខេត្ត​មណ្ឌល​គិរី ចុះដកបង្គោល​រាប់រយ​ដែលរំលោភយកដី​គម្រោងសង់​ព្រលានយន្តហោះ

  • 2019-07-28 05:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​កង​កម្លាំង​ចម្រុះ ចុះដក​បង្គោល​របង​ថ្មអនាធិបតេយ្យ​រាប់រយ​បង្គោល ដែល​ជនខិលខូច​បោះព័ទ្ធ​រំលោភ​យកដីគម្រោង​សាងសង់​ព្រលាន​យន្តហោះ ដែលមាន​ទីតាំង​នៅភូមិ​ពូហ្សាម ឃុំសែន​មនោរម្យ ស្រុក​អូររាំង។ ប្រតិបត្តិការ​នេះ​បានធ្វើឡើង​តាំងពី​ព្រឹកថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០១៩ រហូតបង្គោល​ទាំងនោះ​ត្រូវដកចេញ​អស់។

លោក​អភិបាល​ខេត្ត​បានឲ្យដឹងថា សកម្មភាព​ដែលអាជ្ញាធរ​បានចុះ​ធ្វើនេះ គឺ​ដើម្បី​ការពារ​ដីបម្រុង​ទុករបស់រដ្ឋ​សម្រាប់​ធ្វើការ​សាងសង់​ព្រលាន​យន្តហោះ​នាពេល​ខាងមុខ។

លោក​បន្តថា ដោយមើលឃើញមាន​សកម្មភាព​បោះបង្គោល​កំណត់​ព្រំដី​យកជា​កម្មសិទ្ធផ្ទាល់ខ្លួន លើដី​ព្រលាន​ ទើបលោក​សម្រេច​ដឹកនាំ​មន្ត្រីជំនាញ​បរិស្ថាន នគរបាល និង​អាវុធហត្ថ ចុះដក​បង្គោលរបងថ្ម​ទាំងនោះ យកទៅ​រក្សាទុក​បណ្តោះ​អាសន្ន​នៅអធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង ដើម្បីស្រាវជ្រាវ​បន្តទៅ​តាម​និតីវិធី។

លោក ស្វាយ សំអ៊ាង បាន​បញ្ជាក់​ថា មិនត្រឹមតែ​ដីទីតាំង​ព្រលានហោះ​នេះទេ ដែលអាជ្ញាធរ​ចុះអនុវត្ត​ការពារដី​ទុកជា​សម្បត្តិ​សាធារណៈ សូម្បី​ដីចំការ​ស្រល់ ដែលកំពុងរង​ការទន្ទ្រាន​ពីជនមួយ​ក្តាប់តូច ក៏លោក​ដាក់បញ្ជា​ឲ្យមន្ត្រីជំនាញ នឹង​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ត្រួតពិនិត្យ និង​រឹបអូស​ទុកជាសម្បិត្ត​រដ្ឋវិញ។

គម្រោងសាងសង់​ព្រលានយន្តហោះ​នេះ គឺ​អាកាសចរណ៍​ស៊ីវិល​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បីរៀបចំ​ទីតាំង​ដីទុកសម្រាប់​កសាង​ព្រលាន​យន្តហោះ ដែលមាន​ផ្ទៃដីទំហំ​ប្រមាណជា​៩០០ហិចតា ស្ថិតនៅភូមិ​ពូហ្សាម ឃុំសែន​មនោរម្យ ស្រុកអូររាំង៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តមណ្ឌលគិរី

អត្ថបទថ្មី
;