រដ្ឋមន្រ្តី​មហាផ្ទៃ​កម្ពុជា-តួកគី ចុះ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​សន្តិសុខ​ជាលើកដំបូង

  • 2019-07-31 02:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​ចុះហត្ថលេខា​ជាមួយ​លោក Suleyman Soylu រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​តួកគី លើ​កិច្ច​ព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​សន្តិសុខ​រវាង​ប្រទេស​ទាំង២។ ការ​ចុះហត្ថលេខា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​សម្តេច ស ខេង នៅ​ប្រទេស​តួកគី។

លោក Suleyman Soylu បាន​ថ្លែង​ក្រោយ​ពិធីចុះ​កិច្ចព្រមព្រៀង​នេះថា ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​ភេវរកម្ម រួមទាំង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ដោយ​បាន​ឯកភាពគ្នា​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទាំងពីរនេះ ឲ្យ​កាន់តែ​មាន​ភាព​រឹងមាំ និង​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។

ពាក់ព័ន្ធនឹង​ដំណើរទស្សនកិច្ច​របស់​សម្ដេចក្រឡាហោម ស ខេង ព្រមទាំង​គណៈ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​កម្ពុជា​នាឱកាសនេះ លោក​បាន​បញ្ជាក់​ថា​គឺចំពេល​នៃការប្រារព្ធខូប​លើកទី៦០​នៃទំនាក់​ទំនងការទូត​រវាងប្រទេស​ទាំងពីរ ហើយក៏ជាលើកទី១ដែរ​នៃទស្សនកិច្ច​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា និងការ​ចុះកិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​រវាង​ប្រទេសទាំងពីរ​ ។

ក្រៅតែពីការ​ចុះកិច្ចព្រមព្រៀង​ក្នុងវិស័យ​សន្តិសុខ រដ្ឋមន្រ្តីមហាផ្ទៃ​តួកគី​បានបន្ថែម​ថា ភាគីទាំងពីរ​ក៏បាន​ឯកភាពគ្នា​ប្ដេជ្ញា​លើការពង្រឹង​កិច្ចសហការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុងការងារ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និងការ​គ្រប់គ្រង​ចរាចរណ៍ និងការផ្លាស់ប្ដូរ​បទពិសោធន៍​លើការងារ​ពង្រឹង​ភាពជាដៃគូ​រវាង​រាជរដ្ឋាភិបាល និងអង្គការ​សង្គម​ស៊ីវិល។

លោក​ក៏បានឲ្យដឹងទៀតថា ភាគីទាំងពីរ​ក៏បានប្ដេជ្ញាចិត្ត​ជំរុញកិច្ចសហប្រតិបត្តិការ​លើការងារ​បណ្ដុះបណ្ដាល​នគរបាល មន្រ្តី​សន្តិសុខ​ ឆ្មាំសមុទ្រ រួមទាំង​កងរាជ​អាវុធហត្ថ ហើយថា​តាមរយៈស្មារតី​នៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ​សន្តិសុខ នាពេល​ខាងមុខ​នេះ ភាគីទាំងពីរ​នឹង​ជំរុញ​ឲ្យមាន​ការ​បណ្ដុះបណ្ដាល​នគរបាល​នៃប្រទេស​ទាំងពីរ។

ចំណែក​សម្តេច​ក្រឡាហោម បាន​ថ្លែង​ថា ក្រៅពី​រាជរដ្ឋាភិបាល ទំនាក់ទំនង​រវាង​ប្រជាជន និងប្រជាជន​នៃប្រទេស​ទាំងពីរ នឹងកាន់​តែមាន​ការរីកចម្រើន ជាក់ស្ដែង​នៅតួកគី​សព្វថ្ងៃ មាន​និស្សិតខ្មែរ​ទៅ​សិក្សា​ប្រមាណ៧០​នាក់ ក្នុងនោះ​ក៏មាន​និស្សិតខ្មែរ​ឥស្លាម​ដែរ ហើយ​សម្ដេច​សង្ឃឹមថា​ចំនួន​និស្សិត​មកសិក្សា​នឹងមាន​ការ​កើនឡើង។

ជាចុង​បញ្ចប់​សម្ដេច​ក្រឡាហោម ស ខេង បានសម្ដែង​ការគាំទ្រចំពោះ​ការលើកឡើង​ទាំងស្រុង​របស់​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃតួកគី ពាក់ព័ន្ធនឹង​កិច្ចពិភាក្សា និងកិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សន្តិសុខ និងបាន​គូសបញ្ជាក់​ថាអ្វីៗ គឺភាគី​ទាំងពីរ​បាន​បង្ហាញឆន្ទៈ​អនុវត្ត​ហើយ នៅឡើយតែ​ការអនុវត្ត​ជាក់ស្ដែង​ដើម្បីផ្ដល់​ផលប្រយោជន៍​ឲ្យគ្នាទៅវិញ​ទៅមក៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

អត្ថបទថ្មី
;