អគារ​គន្ធបុប្ផាសីហមុនី មុនីនាថ តម្លៃជាង៤លានដុល្លារ ត្រូវបាន​សម្ពោធ​ជាផ្លូវការ

  • 2019-08-01 07:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជា និង​សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែរ​នរោត្តម​មុនីនាថ សីហនុ ព្រះអង្គ​ទាំងទ្វេ​ស្តេចយាង​សម្ពោធ​អគារ​គន្ធបុប្ផាសីហមុនី មុនីនាថ នៃមន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ដែលមាន​តម្លៃ ៤លាន ៥សែនដុល្លារ នៅព្រឹកថ្ងៃទី០១ ខែ​សីហា ឆ្នាំ២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានថ្លែង​ក្នុងពិធី​នេះ​ថា អគារថ្មី​នេះ​ត្រូវបាន​ប្រសិទ្ធនាម​ថា អគារ​គន្ធបុប្ផា​សីហមុនី មុនីនាថ ដែលមាន​កម្ពស់​បីជាន់ និងមាន​ចំណុះ​គ្រែ​ចំនួន ១៧០​គ្រែ មានតម្លៃ​សាងសង់​ប្រមាណ​ ៤លាន ​៥​សែន​ដុល្លារ និងតម្លៃ​នៃការ​បំពាក់​បរិក្ខារពេទ្យ​ប្រមាណ ៣លាន ៥សែន​ដុល្លារ ដែលជា​ជំនួយ​របស់​មូលនិធិ​គន្ធបុប្ផា Dr. Beat RICHNER និងការ​ចូលរួម​ថវិកា ១លាន​ដុល្លារ របស់​ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តមមុនីនាថ សីហនុ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានបន្ត​ថា នៅជាន់ផ្ទាល់ដី​នៃអគារនេះ​មាន​បន្ទប់វះកាត់​ធំចំនួន ៣ ក្នុងនោះ​មានបន្ទប់វះកាត់​បេះដូងមួយ បន្ទប់វះកាត់​ប្រព័ន្ធប្រសាទមួយ បន្ទប់វះកាត់​ផ្នែកឆ្អឹងមួយ និងមាន​បន្ទប់​សង្គ្រោះបន្ទាន់​កម្រិតខ្ពស់​ក្រោយវះកាត់បេះដូងមួយ មានគ្រែ ១០។ នៅជាន់​ទី១ មានបន្ទប់​សង្គ្រោះបន្ទាន់ ២ មាន ២០គ្រែ សម្រាប់សង្គ្រោះ​ជំងឺ​កុមារ​ទូទៅ និង​សង្គ្រោះ​ទារក បាន​បំពាក់​គ្រឿង​បរិក្ខារពេទ្យ​ក្នុង​តម្លៃ​ប្រមាណ ១ លាន​ដុល្លារ។ នៅជាន់ទី២ និង​ជាន់ទី៣ ជាបន្ទប់​សម្រាក ព្យាបាល​ជំងឺ​កុមារ​ទូទៅ​ដែលមាន១២០​គ្រែ។

លោករដ្ឋមន្ត្រីបាន​បញ្ជាក់​ថា បន្ទប់វះកាត់បេះដូងលើកដំបូងនៅរាជធានីភ្នំពេញ នៃអគារគន្ធបុប្ផា សីហមុនី មុនិនាថ ថ្មីនេះ និងចាប់ផ្ដើមដំណើរការពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តទៅ ដែលក្នុងមួយឆ្នាំមួយឆ្នាំនិងអាចបង្កើនការវះកាត់បានចំនួនប៉ុន្មានមួយពាន់នាក់ រួមគ្នាជាមួយមជ្ឈមណ្ឌលវះកាត់បេះដូងទី១ ដែលបាន ធ្វើប្រតិបត្តិការនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប តាំងពីឆ្នាំ ២០១១ មក ។

លោកសង្ឃឹមថា មជ្ឈមណ្ឌលបេះដូងទី២ នេះ នឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដើម្បីព្យាបាលកុមារតូចដែលមានបញ្ហាបេះដូងពីកំណើតជាង បួនពាន់នាក់ ដាច់កំពុងរង់ចាំទទួលការវះកាត់កែតម្រូវជារៀងរាល់ឆ្នាំ ហើយដែលជាង ៨០ ភាគរយនៃករណីទាំងនេះពួកគេនឹង អាចមានជីវិតរស់នៅដូចកុមារធម្មតាដោយការវះកាត់ទទួលបានជោគជ័យ ។

រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួលពិនិត្យ ព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ នៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួនជាង ៥៧៩ ៦៣៨ករណី និងព្យាបាលកុមារសម្រាកក្នុងមន្ទីរពេទ្យបានចំនួនជាង ១១៩ ៥២៥នាក់ កើនច្រើនជាងក្នុងឆ្នាំ២០១៨ ក្នុងរយៈពេលដូចគ្នាប្រមាណ៣០%។ ស្រ្តីសម្រាលកូនមានចំនួន ១៤ ៤៩៥នាក់។ អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យទាប ០,២៣%៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;