ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ព​ខ្សោយ​គេ​មើលងាយ ហើយ​កិត្យានុភាព​ជាតិ​ក៏ខ្សោយដែរ

  • 2019-08-01 23:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បានថ្លែង​បញ្ជាក់​ថា៖ «ជាតិត្រូវការ​កងទ័ព កងទ័ព​ត្រូវការ​ជាតិ។ កងទ័ព​អត់ជាតិ​ក៏អត់មាន​ន័យ កងទ័ព​ខ្សោយ​ក៏គេមើលងាយ ជាតិត្រូវការ​កងទ័ព​ដើម្បី​រឹងមាំ។ ដូច្នេះកងទ័ព​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព​បំពេញ​ភារកិច្ច ដើម្បី​បម្រើជាតិ​មាតុភូមិ ក៏ដូចជា​ការពង្រឹង​ស្មារតី​សតិអារម្មណ៍​ច្បាស់លាស់​នៅក្នុង​ការការពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ជាពិសេស​នៅក្នុង​ដំណាក់កាល​នៃការ​អូសទាញ​ពីមជ្ឈដ្ឋាន​មួយចំនួន»។

ការថ្លែង​ខាងលើ​នេះ នៅក្នុង​ពិធី​ប្រកាសបើក​វគ្គហ្វឹកហ្វឺន​បំប៉ន​ជំនាញបច្ចេកទេស​ជួសជុល​អាវុធ​គ្រាប់រំសេវ​គ្រឿងចក្រ គ្រប់ប្រភេទ​សម្រាប់ឆ្នាំ​២០១៩ នៅ​សាលា​ពលទាហានទី២ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៩។

លោក​បន្ត​ថា កងយោធពលខេមរភូមិន្ទ​នៅតែចាត់ទុក​វិស័យ​ហ្វឹកហ្វឺន​គឺជា​ការងារ​ដ៏មាន​សារៈសំខាន់​ដែលត្រូវ​ដំណើរការ​ជាប់ជា​ប្រចាំ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​យោធិន និង​កសាង​ជួរកង​កម្លាំង​បន្តវេន ឆ្លើយតប​ទៅនឹង​ការបន្ត​អនុវត្ត​ផែនការ​កែទម្រង់​កងយុទ្ធពល​ខេមរភូមិន្ទ។ ការគ្រប់គ្រង​កម្លាំង​បានម៉ត់ចត់​គឺសំខាន់​ណាស់ មិនមែន​គ្រប់គ្រង​តែមនុស្ស​ទេ គឺគ្រប់គ្រង​ទាំងស្មារតី សតិ​អារម្មណ៏ ឆន្ទៈ​ឲ្យបាន​ច្បាស់លាស់ និងគ្រប់គ្រង​បំពាក់​បំប៉ន​នូវសមត្ថភាព​ដើម្បី បំពេញ​ភារកិច្ច។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការងារ​ហ្វឹកហ្វឺន​ជាការងារសំខាន់​ក្នុងការធានា​និរន្តភាព និង​សមត្ថភាព​កងទ័ព និងសមត្ថភាព​ឥទ្ធិពល​របស់​ប្រទេសជាតិ​ទាំងមូល បើកងទ័ព​ខ្សោយ នោះ​កិត្យានុភាព​ជាតិ​ក៏ខ្សោយដែរ។

«ដូច្នេះកងទ័ព​របស់យើង​ត្រូវតែខ្លាំង​ទាំងការបំពាក់​សម្ភារៈ ទាំងឆន្ទៈ​សមត្ថភាព នោះ​យើង​អាចប្រតិបត្តិការ​បាន។ ដូច្នេះយើងត្រូវ​កសាង​ធនធាន​មនុស្ស​ព្រោះ ការកសាង​ធនធានមនុស្ស​គឺសំខាន់ណាស់​ដែលការ​កសាង​ធនធានមនុស្ស​គឺផ្អែកលើ​កត្តា៣ គឺ​កត្តាសាលា កត្តាកម្មវិធី​សិក្សា ឯកសារ​សម្ភារៈ និង​កត្តា​យោធាចារ្យ ព្រមទាំង​កត្តា​លើកទឹកចិត្ត​ផ្សេងៗ។ ការបន្សល់ ទុក​នូវកងទ័ព​ល្អគឺ​ជា​មោទនភាពណាស់​ចំពោះ​នាយទាហាន ព្រោះ​ភាគច្រើន​នៃទាហាន​បច្ចុប្បន្ន​គឺនាយទាហាន​ជំនាន់មុន ហើយត្រូវ​បណ្ដុះបណ្ដាល​សម្រាប់​នាយទាហាន​ជំនាន់​បច្ចុប្បន្ន និងដើម្បី​បន្សល់ទុក​ស្នាដៃ ជា​បទដ្ឋាន ជាស្តង់ដា​នៃការ​បណ្ដុះបណ្ដាល​របស់ខ្មែរ​សម្រាប់​នាយទាហាន​ជំនាន់​ក្រោយៗ​ទៀត​អនុវត្ត​តាម។ ហើយនាយទាហាន​ជំនាន់ក្រោយ​ត្រូវខិតខំ​សិក្សា​ឱ្យ​ត្រូវតាម​ជំនាញ ដើម្បី​ពង្រឹង​សមត្ថភាព​ពីមួយ​ជំនាន់ទៅមួយជំនាន់ ដើម្បីធានា​បាន​សុខ​សន្តិភាព ស្ថិរភាព​ជូនជាតិ និង​ដើម្បី​កិត្យានុភាពជាតិ​របស់​យើង»។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់​លោក​មេបញ្ជាការ​កងទ័ព​ជើងគោក៕

រូបថត៖ ផ្តល់ឱ្យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;