សម្តេច ស ខេង បញ្ជាក់ពី​ចំនួន​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​នៅឆ្នាំ​២០១៩នេះ

  • 2019-08-07 06:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​ជំរឿន​ទូទៅ​ប្រជាជន បាន​បញ្ជាក់​ថា តាមតួលេខ​បណ្តោះអាសន្ន​ក្នុងទូទាំង​ប្រទេស​កម្ពុជា គិតត្រឹម​ថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០១៩ ប្រជាជន​សរុប តាម​វិធីសាស្ត្រ​ឃើញរាប់ (de-facto) មាន​ចំនួន ១៥ ២៨៨ ៤៨៩នាក់ (ជាង ១៥លាននាក់)។ ក្នុងនោះ​មានប្រុស ៧ ៤១៨ ៥៧៧ នាក់ និង​ស្រី ៧ ៨៦៩ ៩១២​នាក់។ ការថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពីធី​ប្រកាស​តួលេខ​បណ្តោះ​អាសន្ន នៃជំរឿន​ទូទៅ​ប្រជាជន​នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ នាព្រឹក​ថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០១៩។

សម្តេច​ក្រឡាហោម ​បន្ត​ថា តាម​តួលេខ​បណ្តោះអាសន្ន​នេះ​ពិនិត្យឃើញ​ថា​ ចំនួន​ប្រជាជន​កម្រិត​ថ្នាក់ជាតិ​មាននិន្នាការ​កើនឡើង​យឺត ដោយសារ​អត្រា​ផ្តល់​កំណើត និងអត្រា​កំណើនប្រជាជន​បានថយចុះស្រប​តាមការព្យាករ​ដែលបានរំពឹងទុក។ អត្រា​កំណើន​ប្រជាជន​ប្រចាំឆ្នាំ​បាន​ថយចុះ ពី ១,៥ ភាគរយ ក្នុងចន្លោះ​ឆ្នាំ ១៩៩៨ និង ២០០៨ មក ១,២ ភាគរយ​ក្នុងចន្លោះ​ឆ្នាំ​២០០៨ និង ២០១៩។ អត្រាកំណើន​ប្រចាំឆ្នាំ​របស់​កម្ពុជា​ក្នុងទសវត្ស​ចុងក្រោយ​នេះ ពិនិត្យឃើញថា ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៅអាស៊ីអាគ្នេយ៍​ដែលមាន​តែ ១ភាគរយ។

រាជធានី-ខេត្ត ដែលមាន​ចំនួនប្រជាជន​ច្រើន​ជាងគេ​បំផុត គឺភ្នំពេញ​មាន ២ ១២៩ ៣៧១ នាក់ ហើយខេត្ត​កែប​មានប្រជាជន​តិចជាងគេ​បំផុត ៤១ ៧៩៨ នាក់ ប៉ុណ្ណោះ។ ទំហំ​គ្រួសារជាមធ្យមមាន ៤,៦ សម្រាប់​ទូទាំងប្រទេស ហើយសូចនាករ​សំខាន់​មួយដែលត្រូវ​យកចិត្តទុកដាក់ គឺដង់ស៊ីតេ​ប្រជាជន ពោលគឺ​ចំនួនប្រជាជន​ក្នុងផ្ទៃដី​មួយ​គីឡូម៉ែត្រ​ការ៉េ។ ដង់ស៊ីតេ​ប្រជាជន​ស្មើនឹង ៨៦ នាក់ ក្នុងផ្ទៃដីមួយ​គីឡូម៉ែត្រ​ការ៉េ នៅឆ្នាំ​២០១៩។ អត្រា​ភេទ គឺជាចំនួនបុរស​ក្នុងចំណោមស្ត្រី ១០០ នាក់។ អត្រាភេទ តាមតួលេខបណ្តោះអាសន្ននៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស ៩៤ នាក់ ក្នុងចំណោមស្ត្រី១០០ នាក់ ដោយមិន​មានការប្រែប្រួល​បើប្រៀបធៀប​នឹងឆ្នាំ ២០០៨។

សម្តេចក្រឡាហោម ស ខេង បានលើកឡើង​ថា បើពិនិត្យតាម​តំបន់​ភូមិសាស្ត្រ​នៃប្រទេស តួលេខ​បណ្តោះអាសន្ន នៃជំរឿនប្រជាជន​ឆ្នាំ២០១៩ បានបង្ហាញ​ថា ប្រជាជន​ប្រមាណ ៤៨,៩ ភាគរយ​នៃប្រជាជន​ទាំងអស់ រស់នៅ​តំបន់​ទំនាប​កណ្តាល ដោយសារ​តំបន់នេះ​ប្រមូលផ្តុំ​ដោយ​ខេត្តធំៗ ដែលមាន​ការអភិវឌ្ឍ​ខ្ពស់។ បន្ទាប់មក​តំបន់​ទន្លេសាប​មានប្រជាជន​ប្រមាណ ៣១,៤ ភាគរយ​នៃប្រជាជន​ទាំងអស់ តំបន់​ខ្ពង់រាប និង​ភ្នំមាន ១២,៧ ភាគរយ និងតំបន់​ឆ្នេរ និង​សមុទ្រមាន ៦,៩ ភាគរយ។ ការសិក្សា​លម្អិត​អំពីការប្រមូលផ្ដុំ​របស់​ប្រជាជន​នៅទីប្រជុំជន និងជនបទ​អាចធ្វើទៅ​បាន បន្ទាប់ពីមាន​តួលេខ​ចុងក្រោយ​របស់​ជំរឿន ក៏ដូចជា​ទិន្នន័យ​អំពីការបែងចែក​តាមអាយុ អក្ខរភាព និង​ការអប់រំ ការធ្វើ​អន្តោប្រវេសន៍ និងសកម្មភាព​សេដ្ឋកិច្ច​របស់​ប្រជាជន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;