ប្រធានាធិបតី​ស្រីលង្កា បាន​មកដល់កម្ពុជា​ហើយ

  • 2019-08-07 06:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​នៃសាធារណរដ្ឋសង្គម​និយម​ប្រជាធិបតេយ្យ​ស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) បាន​អញ្ជើញ​មក​ដល់​កម្ពុជា​ហើយ ដើម្បី​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ រយៈ ពេល៤ថ្ងៃ ពីថ្ងៃទី៧-១០ ខែ​សីហា ឆ្នាំ​២០១៩ តបតាម​ការ​អញ្ជើញរបស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឱ្យដឹង​ថា​ លោក Maithripala Sirisena នឹងចូលគាល់​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩។ បន្ទាប់ពី​ជំនួបចប់ ប្រធានាធិបតី​ស្រីលង្កា អញ្ជើញដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ​នៅវិមានឯករាជ្យ និងថ្វាយ​កម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​ព្រះបរមរូប ព្រះ​បរមរតនកោដ្ឋ។

នៅរសៀលថ្ងៃទី០៨ ខែសីហា ប្រធានាធិបតី​ស្រីលង្កា នឹង​ជួបសម្តែង​ការគួរសម និងពិភាក្សា​ការងារ​ជាមួយ​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាព ដែលក្នុង​អំឡុងពេល​នោះ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ នៅក្នុង​វិស័យ​ជាច្រើន​ នឹងត្រូវលើក​យកមក​ពិភាក្សា សំដៅ​ពង្រឹង​ថែមទៀត​នូវ​ចំណងទាក់ទង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដែលបាន​ចងភ្ជាប់គ្នា​យ៉ាងជ្រាលជ្រៅ​តាមរយៈ​ព្រះពុទ្ធ​សាសនា។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏នឹងផ្លាស់ប្តូរ​ទស្សនៈគ្នា​លើបញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ និង​ផលប្រយោជន៍​រួម​ផងដែរ។។

នៅព្រឹកថ្ងៃទី១០ ខែសីហា ប្រធានាធិបតី​រូបនេះ នឹងអញ្ជើញ​ដាំដើមឈើ​តំណាងប្រទេស​ស្រីលង្កា នៅមជ្ឈមណ្ឌល​វិបស្សនាភ្នំឧត្តុង្គ ខេត្ត​កណ្តាល។ លោក Maithripala Sirisena នឹងអញ្ជើញ​ទៅទស្សនា​ប្រាសាទ​នានា​នៅខេត្ត​សៀមរាប​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;