ញាក់សាច់! រកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយទៀត នៅកណ្ដាលក្រុងបាងកក

  • 2019-08-07 07:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ប្រទេស​ថៃ បាន​រក​ឃើញ​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​មួយ​ទៀត​នៅ​ផ្សារ​មួយ​នៃ​កណ្ដាល​ក្រុង​បាងកក​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​ពួកគេ​អះអាង​ថា​គឺ​ជា​ឧបករណ៍​ដែល​នៅ​សេសសល់​ពី​ការ​វាយ​ប្រហារ​កាល​ពី​សប្ដាហ៍​មុន​ដែល​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​រង​របួស។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន គ្រាប់​បែក​តូច​ៗ​ចំនួន ៦​គ្រាប់ និង​គ្រាប់​បែក​បំផ្ទុះ​៦​គ្រាប់​ផ្សេង​ទៀត ត្រូវ​បាន​បំផ្ទុះ​ខណៈ​ពេល​ដែល​មាន​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​អាស៊ីអាគ្នេយ៍​ដែល​មាន​ការ​ចូល​រួម​ពី​មហាអំណាច​ធំ​ៗ​ដូច​ជា​សហរដ្ឋអាមេរិក និង​ចិន​ផង​ដែរ។ គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ផ្សារ Prathunam ដែល​ស្រដៀង​គ្នា​នឹង​គ្រាប់​បែក​ដែល​ផ្ទុះ​កាល​ពី​ថ្ងៃ​សុក្រ។

យោង​តាម​មន្ត្រី​ប៉ូលិស​ម្នាក់​ឲ្យ​ដឹង​ថា "ឧបករណ៍​នេះ​នៅ​ដំណើរ​ការ​ធម្មតា ហើយ​រៀប​នឹង​ផ្ទុះ​ទៅ​ហើយ​ប៉ុន្តែ​ដោយ​សារ​វា​កប់​នៅ​ក្រោម​គំនរ​ខោអាវ​បណ្ដាល​ឲ្យ​ខ្វះ​អុកស៊ីហ្សែន​ជា​ហេតុ​មិន​អាច​ផ្ទុះ​បាន។” ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ឲ្យ​ដឹង​ថា​អាជ្ញាធរ បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស ៩​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​ក្នុង​នោះ​ពីរ​នាក់ បាន​រៀប​បំផ្ទុះ​គ្រាប់​បែក​ពីរ​គ្រាប់​នៅ​មុខ​ស្នាក់​ការ​ប៉ូលិស​បាងកក។

គួរ​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​អស់ ក្នុង​នោះ​មាន​ពីរ​នាក់​មក​ពី​ខេត្ត Narathiwat ដែល​សម្បូរ​ទៅ​ដោយ ម៉ាឡេ-អ៊ីស្លាម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។ យ៉ាង​ណា​មិញ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​បន្ដ​ទៀត ខណៈ​មិន​ទាន់​មាន​សេចក្ដី​ថ្លែង​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;