សម្តេច ហ៊ុន សែន ថា​ពេលនេះ​អ្នកវិនិយោគខ្មែរ មាន​លទ្ធភាព​ចេញ​ទៅវិនិយោគ​តាម​ប្រទេស​មួយ​ចំនួន

  • 2019-08-07 09:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា កាលពីប៉ុន្មាន​ឆ្នាំមុន កម្ពុជា​តែងតែអំពាវនាវឱ្យ​មិត្តភក្តិ​បរទេស​ចូលមកវិនិយោគ​នៅកម្ពុជា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ កម្ពុជា​ក៏​មានលទ្ធភាព​អាចចេញ​ទៅវិនិយោគ​នៅតាម​ប្រទេស​មួយ​ចំនួន​បាន​វិញ​ផងដែរ​ដូចជា ឡាវ មីយ៉ាន់ម៉ា និង​ទីម័រ​ខាងកើត​ជាដើម។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​វេទិកា​ធុរកិច្ច​ កម្ពុជា-ស្រីលង្កា នៅសណ្ឋាគារ​សូហ្វីតែល ភ្នំពេញ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន ​និង​លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគ​កម្ពុជា ពិចារណាទៅវិនិយោគ​នៅប្រទេសស្រីលង្កា​ផងដែរ។

សម្តេចតេជោក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ចំណុច៖

១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបានបញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃកាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ “គោលនយោបាយឈ្នះ-ឈ្នះ” ។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ចពេញលេញដែលបានទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។

២. ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគ កម្ពុជា និងអ្នកវិនិយោគបរទេស។

៣. កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។

៤. កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា“រោងចក្រនៃអាស៊ី” ។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។

៥. កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ “វប្បធម៌និងធម្មជាតិ រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

សម្តេចក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្តេច​ សូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;