ក្រសួង​ឧតុនិយម៖ ទឹកជំនន់​នៅខេត្ត​ព្រះសីហនុ អាចនៅ​មាន​បន្ត​ ខណៈ​រលកសមុទ្រ​អាចមាន​កម្ពស់ ២​ម៉ែត្រ

  • 2019-08-09 01:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនន់​ទឹកភ្លៀង​ក្នុងភូមិសាស្រ្ត​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​នៅភាគ​ខាងកើត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម អាចនៅមានបន្ត ខណៈ​លើផ្ទៃសមុទ្រ អាចនឹងមានភ្លៀង ខ្យល់​ខ្លាំង និង​រលកសមុទ្រ​អាចមាន​កម្ពស់ ១ ទៅ ២ម៉ែត្រ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ស្តីពី​ស្ថានភាព​អាកាស​ធាតុ​ ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា ឆ្នាំ​២០១៩។

រូបថត៖ អគ្គិសនី ខេត្តព្រះសីហនុ
ក្នុង​សេចក្តីជូនដំណឹងនេះ បាន​ឱ្យដឹងថា ព្យុះ ៣ ស្ថិតក្នុង​កន្សោម​តែមួយ តែ​បច្ចុប្បន្ន ព្យុះទី៨ បាន​រលាយ​ខ្លួន​រួចទៅហើយ ដោយនៅសល់តែ២ ដែល​ឥទ្ធិពល បាន​នឹង​កំពុង​ស្រូបទាញ​ ធ្វើឱ្យ​ប្រព័ន្ធ​សម្ពាធទាប​ឡើង​ទៅលើ​កាត់​ភាគខាងជើងឡាវ និង​វៀតណាម។ ខ្យល់​មូសុង​នីរតី​នៅបន្ត​មាន​ឥទ្ធិពល​ខ្លាំង​មកលើ​តំបន់​មាត់សមុទ្រ។ ស្ថានភាព​បែបនេះ ធ្វើឱ្យ៖

១. បណ្តា​ខេត្ត​នៅតំបន់​មាត់សមុទ្រ​ជាពិសេស​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​បន្ត​មានភ្លៀង​ធ្លាក់​នៅក្នុងកម្រិត​បរិមាណ​ពី​បង្គួរ​ទៅច្រើន។ លើផ្ទៃ​សមុទ្រ​នឹង​អាចមានភ្លៀង​ខ្យល់ខ្លាំង និង​រលក​បក់បោកខ្ពស់។

២. ខេត្ត​កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ​ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌល​គិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​រតនគិរី នឹង​អាចមាន​ភ្លៀង​ក្នុងកម្រិត​បរិមាណ​ពីមធ្យម​ទៅច្រើន។

៣. ខេត្តព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ នឹង​អាច​មានភ្លៀង​ក្នុងកម្រិត​បរិមាណ​ពីតិច ទៅបង្គួរ។

៤. ខេត្ត​កំពង់ស្ពឺ តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ នឹងអាចមាន​ភ្លៀង​ក្នុងកម្រិត​បរិមាណពីតិចទៅមធ្យម៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;