ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​​ក្រោម​ជំនួយ​ជប៉ុន បើក​សម្ពោធ​ជាផ្លូវការហើយ

  • 2019-08-09 03:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១៤,៥លាន​ដុល្លារ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរំខាន​ដោយ​បញ្ហា​កកស្ទះ​ចរាចរណ៍។ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើបនេះ បាន​ប្រព្រឹត្ដទៅ​កាលពី​រសៀល​ថ្ងៃទី០៨ ខែ​សីហា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។ នេះបើតាម​ការចុះផ្សាយ​របស់ AKP។

រូបថត៖ AKP
លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានមាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ​ដែល​កំពុងដាក់ឱ្យដំណើរការ​នាពេលកន្លង​មកនេះ បានជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរារចណ៍​ក្នុង​រាជធានីភ្នំពេញ​បាន​មួយ​ចំនួនធំ។ ដោយសារតែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ អាច​បញ្ជា​ចរាចរណ៍​ពី​ចម្ងាយ មិនឱ្យ​ចរាចរណ៍​កកស្ទះ​យូរ​ហើយ​អាច​បញ្ជាទិស​ចរាចរណ៍​ទៅកន្លែង​ដែលពុំ​សូវ​កកស្ទះ។

លោក ឃួង ស្រេង បានមាន​ប្រសាសន៍​បន្ត​ថា គម្រោងនេះ​គឺ​មានភាព​វ័យឆ្លាត​តាមរយៈ ការដំឡើង​ការបំពាក់​ស្តុបថ្មី​នៅចំណុច​ប្រសព្វ​ចំនួន ១១៥​ទីតំាង ការបំពាក់​កាំម៉ារ៉ា​ចាប់​យករូប ភាពចរាចរណ៍​ហើយវិភាគ​ទិន្នន័យ និងការ​កសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ ដើម្បី​ងាយស្រួល​ក្នុងការ​បញ្ជា​ចរាចរណ៍​ពីចម្ងាយ។ ការបង្កើត​គម្រោង​គ្រប់គ្រង ប្រព័ន្ធ ចរាចរណ៍នេះ ឡើង គឺជាវិធានការ ដោះស្រាយ​ចំពោះ​មុខ ខណៈ​ដែលក្នុង​រាជធានី​ភ្នំពេញ​មាន​មធ្យោបាយ​ធ្វើដំណើរ​កើនឡើង​ខ្លំាងរហូតដល់​ជាង ២លាន​គ្រឿង ដែលបង្កការ​កកស្ទះ​ជារៀងរាល់​ថ្ងៃ។

រូបថត៖ AKP

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានមាន​ប្រសាសន៍​ថា ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​បែបទំនើប កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ​យ៉ាងមាន​ប្រសិទ្ធភាព។

លោក​ឯកអគ្គរាជទូត បាន​បន្ដថា គម្រោង​នេះ​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ឥតសំណង​រហូតដល់​ជាង ១៤,៥លាន​ដុល្លារ ហើយត្រូវ​បានដាក់​ឱ្យដំណើរការ​ជាបណ្តោះអាសន្ន​កាលពី​ចុងឆ្នាំ ២០១៨​កន្លងទៅ ។ មូលហេតុ​ដែលនាំឱ្យមាន​ការកកស្ទះ​ចរាចរណ៍​នៅរាជធានី​ភ្នំពេញ​កន្លងមក​នេះ ដោយសារតែ​ប្រជាពលរដ្ឋ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ភ្លើង​សញ្ញា​ចរាចរណ៍ មិនទាន់​បានល្អ​កង្វះ​ខាតនូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដូចជា រថយន្តក្រុង រថភ្លើង​អាកាស​ប្រភេទ Sky train AGT Tramway រថភ្លើង​ក្រោមដី Subway កង្វះខាត​នូវហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស ផ្លូវល្បឿនលឿន​កង្វះខាត​ចំណត​រថយន្ត​សាធារណៈ និងការ​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​នៅមាន​កម្រិត កង្វះ​ខាតការ​ដាក់ផ្លូវ​ឯកទិស ផ្លូវថ្មើរ​ជើង ការលក់ដូរ​លើ​ចិញ្ចើម​ផ្លូវ និង​លើទ្រូង​ផ្លូវ​ជាដើម៕ 

ប្រភព៖ AKP

អត្ថបទថ្មី
;