វិទ្យាល័យ​មួយ​នៅ​​បាត់ដំបង​បាន​ជយលាភី​លេខ១​ ខាង​ផ្ដល់​​​ភាព​ជា​គំរូ​លើ​ការ​អប់រំ​

  • 2019-08-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិទ្យាល័យ​ពេជ្រ​ចិន្តា​ ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច​ ​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​បាត់​ដំបង​ ទទួល​បាន​ជយលាភី​លេខ​១​ ជា​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​​ ក្នុង​វិស័យ​អប់រំ ​ទូទាំង​ប្រទេស​ ឆ្នាំ​សិក្សា​២០១៨​-២០១៩។​ ពិធី​នេះ​នេះ​ប្រព្រឹត្តិ​ទៅ ​ក្រោម​វត្តមាន​​​ ឯកឧត្ដម​ អូន ព័ន្ធ​មុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម ​ហង់​ ជួន​ណារ៉ុន ​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ខែ​សីហា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។

កម្មវិធី​នេះ​មាន​គោល​បំណង​រួមចំណែក​ដ៏​សំខាន់​ ​ក្នុង​ការ​​លើក​កម្ពស់​វិស័យ​​ស្នូល​ពីរ​នៅ​កម្ពុជា គឺ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​។ ក្នុង​ពិធី​ប្រកាស​កាល​ពី​ម្សិលមិញ​មាន​ អង្គភាព​ក្នុង​វិស័យ​អប់រំ ​ចំនួន​១០ និង​វិស័យ​សុខាភិបាល​ចំនួន​៣០ ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ជ័យ​លាភី។

លោក ប៉ិច ឈឿត នាយកវិទ្យាល័យ ​ពេជ្រ​ចិន្តា ក្នុង​នាម​មាតា​បិតា​សិស្ស​ បាន​​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​គ្រប់​គ្នា​ ដែល​បាន​ខិត​ខំ​រួម​ចំណែក​អភិវឌ្ឍ​សាលា​មួយ​នេះ​តាំង​តែ​ពី​ដើម​រហូត​ដល់​ពេល​នេះ ​និង​ថា​ហេតុ​ផល ​ដែល​នាំ​ឱ្យ​ទទួល​បាន​ជយលាភី​លេខ​១ ​ដោយសារ​​​ ​​វិទ្យាល័យ​ពេជ្រ​ចិន្តា​ តែង​ទទួល​បាន​​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​សកម្ម​ពី​សហគមន៍​មាតាបិតា​សិស្ស​ បរិស្ថាន​សាលា​ សេវា​សាធារណៈ ​និង​ការអប់រំ​មាន​វិន័យ​ល្អ។ “យើង​មិន​គិត​ថា គេ​វាយ​តម្លៃ​លើ​ចំណុច ៨ ឬ​៩ ហ្នឹង​ទេ ប៉ុន្តែ​យើង​បាន​ធ្វើ​រួច​មុន​គេ​រួចហើយ ដោយ​​យើង​មិន​បាន​ដឹង​ ។ លុះ​ដាក់​ពាក្យ​ទៅ​​ ហើយ​តាម​សូចនាករ​គេ​វាយ​តម្លៃ​មក​ត្រូវ​ ហើយ​ធ្វើ​ឱ្យ​យើង​ហ្នឹង​ភ្ញាក់​ខ្លួន​​ថា ​យើង​ធ្វើ​កន្លង​មក​ហ្នឹង​ជោគជ័យ​តាម​រយៈ​ការ​ជួយ​សិស្ស​រៀន​យឺត​ ​សិស្ស​ក្រីក្រ​យើង​បង្រៀន​អត់​យក​លុយ​អញ្ចឹង​ទៅ​វា​ត្រូវ​ទិស​ដៅ​គេ​”។

វិទ្យាល័យ​ពេជ្រ​ចិន្តា​ នឹង​មាន​​ផែន​ការ​​ និង​យុទ្ធសាស្ត្រ​បន្ថែម​​ទៀត ដើម្បី​អនុវត្ត​​កាន់​តែ​ល្អ​ប្រសើរ​​ឡើង​បន្ថែម​ទៀត​។ ​នេះ​បើ​តាម​លោ​ក លោក ប៉ិច ​ឈឿត ​។ វិទ្យាល័យ​នេះ​​មាន​ ២២​បន្ទប់​ និង​មាន​សិស្ស​ ១០១២ ​នាក់ ​ចាប់​ពី​ថ្នាក់​ទី​៧​ រហូត​ដល់​ថ្នាក់​ទី​១២។ ក្រៅ​ពី​ទទួល​បាន​ពាន និង​វិញ្ញាបនបត្រ​ គណៈ​គ្រប់​​គ្រង​ក៏​ទទួល​បាន​នូវ​ថវិកា​ចំនួន ​២០០​លាន​រៀល​ផង​ដែរ​។​

នៅ​ថ្ងៃ​ទី​០៨ ​ខែ​សីហា ​នេះ​ផង​ដែរ ​នៅ​មុខ​បរិវេណ​អគារ​ចាស់​សាលា​ខេត្ត​ ក៏​បាន​រៀប​ចំ​ពិធី​អបអរសាទរ​ការ​ទទួល​ជយលាភី​អង្គភាព​ផ្ដល់​​សេវា​គំរូ ​ក្នុង​វិស័យ​អប់រំ ​និង​វិស័យ​សុខាភិបាល ​ក្រោម​អធិបតីភាព​ ឯក​ឧត្តម ​អ៊ុយ រី ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​ឯកឧត្តម ​ងួន ​រតនៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ​។​

លោក យី សុងគី ​ប្រធាន​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​បាន ​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​សាលា​ ថ្នាក់​ដឹក​នាំ​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​ ​ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​ ដែល​ជា​វិស័យ​អាទិភាព​នៃ​គោល​នយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក ងួន ​រតនៈ ​អភិបាល ​ខេត្ត​បាន​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​ពាន​រង្វាន់​ នៃ​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​ ដែល​ទទួល​បាន​ពានរង្វាន់ ​អង្គភាព​ផ្ដល់​​សេវា​សាធារណៈ​គំរូ​ និង​បាន​ផ្ដាំ​ផ្ញើ​ទៅ​អង្គភាព​ទទួល​ជយលាភី ​ខិត​ខំ​បន្ត​ទៀត​ដើម្បី​ការ​ពារ​ពាន​រង្វាន់​របស់​ខ្លួន​ និង​អង្គភាព​ផ្សេង​ៗ​ទៀត​ដែល​មិន​ទាន់​បាន​ទទួល​ជយលាភី​ក៏​ត្រូវ​ខិត​ខំ​ប្រលង​ប្រណាំង​យក​ជយលាភី​ឲ្យ​បាន​ដូច​គេ​៕​

អត្ថបទ៖ សុផល

អត្ថបទថ្មី
;