ក្រសួង​ដែនដី បង្ហាញ​លទ្ធផល​​ត្រួត​ពិនិត្យ​​អគារកម្ពស់ ៩ជាន់ ដែល​ប្រេះ​ និងស្រុត​នៅ​ខេត្ត​ព្រះសីហនុ

  • 2019-08-09 14:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​​ការងារ​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាព​ពាក់ព័ន្ធ នា​ថ្ងៃទី៩ ខែសីហា​នេះ បាន​​ចុះ​ត្រួត​ពិនិត្យ​សំណង់​អគារ​ ពហុ​មុខងារ កម្ពស់ ៩ជាន់ មានទីតាំង​នៅ​ទល់​មុខ​រង្វង់​មូលតោ២ វិថី ២ធ្នូ ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ពោល​គឺ​ក្រោយ​​ពី​បាន​ដឹង​ថា​សំណង់អគារ​នោះ បានប្រេះ និងស្រុត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យដឹងថា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​បច្ចេកទេស​រួចមក ក្រុម​ការងារ​បាន​រកឃើញដូចខាងក្រោម៖

  • សំណង់ គ្មាន​លិខិត​អនុញ្ញាតិ​សាងសង់ និងគ្មាន​លិខិត​អនុញ្ញាតិ​បើក​ការដ្ឋាននោះទេ

  • សំណង់សាងសង់​ដោយ​ក្រុមហ៊ុន ឈួនរិន ខនស្រ្ដាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក

  • កាលពីថ្ងៃទី៨ ខែសីហា អគារ​បានស្រុត​ពី ៤០មីលីម៉ែត្រ ទៅ ៨០មីលីម៉ែត្រ

  • នៅថ្ងៃទី៩ ខែសីហានេះ នៅផ្នែក​ខាងកើត​នៃ​អគារ មានការ​ស្រុត​រហូត​ដល់ទៅ ៩មីលីម៉ែត្រ និងនៅ​ផ្នែក​ខាង​លិច​នៃ​អគារ មានការ​ស្រុត​ចុះ​រហូត​ដល់ ២៨មីលីម៉ែត្រ​ថែមទៀត និង​បន្ត​ស្រុត​តទៅទៀត។

  • ជញ្ជាំង​ជាន់​ផ្ទាល់ដី​នៃអគារ មាន​សភាព​ប្រេះច្រើន​កន្លែង និង​បន្ត​ប្រេះ​តទៅទៀត

  • អគារ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស​សំណង់ និង​ខុស​នគរូបនីយកម្ម

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ពិនិត្យឃើញ​ហានិភ័យ​ដូចខាងលើ និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព ការពារ​ទ្រព្យសម្បត្តិ និងអាយុជីវិត​របស់​ប្រជាពលរដ្ឋ គណៈ​កម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចាត់​វិធានការ៖

  • ផ្អាក​ការដ្ឋាន​សាងសង់​ជា​បន្ទាន់ ហាម​ស្នាក់នៅ ហាម​ការ​ប្រើប្រាស់​សំណង់ ផ្អាក​ការ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​អគារ និង​ឲ្យ​មនុស្ស​ចេញ​ពី​អគារ​ទាំង​អស់

  • តម្រូវ​ឲ្យ​រុះរើ​សំណង់​នេះ​ចេញ ព្រោះ​សំណង់នេះ​មិន​មាន​សុវត្ថិភាព និង​គុណភាព​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​សំណង់ទេ

  • ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​ជុំវិញអគារ​នេះ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចាកចេញ​ពី​លំនៅដ្ឋាន​ជា​បន្ទាន់ រហូត​ដល់​មាន​ការ​ចាត់ចែង​រួចរាល់៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;