ACU រកឃើញប្រធានមន្ទីរដែនដីខេត្តពោធិ៍សាត់ ប្រព្រឹត្ត​អំពើ​ពុករលួយជិត ៤០ម៉ឺនដុល្លារ

  • 2019-08-12 12:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា លោកលៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ប្រព្រឹត្តអំពើពុករលួយ និងយកលុយក្រៅសេវាច្បាប់ចំនួន ១៤០ករណី សរុបជាលុយជិត ៤០ម៉ឺនដុល្លារ (៣៧២ ៧៤៧ដុល្លារ) តាំងពីឆ្នាំ២០១៦ រហូតមកដល់ថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បង្ហាញដោយអង្គភាពប្រឆាំងអំពើពុករលួយ ដែលទើបតែទទួលបាននៅពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា តាមការស្រាវជ្រាវ រកបានភស្តុតាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតាមការសារភាពរបស់សាម៉ីខ្លួន តាំងពីឆ្នាំ២០១៦មក លោកលៀម ប៊ុនរឿន បានយកលុយសេវាក្រៅច្បាប់ចំនួន ១៤០ករណី បានប្រាក់ ៣៧២.៧៤៧ដុល្លារ (សាមសិបប្រាំពីរម៉ឺន ពីរពាន់ប្រាំពីររយសែសិបប្រាំពីរដុល្លារ) និងជាង ៤៩លានរៀល នោះមិនទាន់រាប់ករណ៍ ខ ទ ដែល លោកលឿម ប៊ុនរឿន បានទទួលប្រាក់ ២០ ០០០ដុល្លារ (ពីរម៉ឺនដុល្លារ) ដូចពាក្យប្តឹងដែលអង្គភាពប្រឆាំងអំពោពើករលួយ បានទទួលនោះផង ។

អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញលុយចំនួន ១៧ ៥២៩ដុល្លារ និង ១៦ ២៥០ ០០០រៀល ក្នុងនោះមានលុយដែលដាក់ក្នុងស្រោមសំបុត្រ ចំនួន០៦ស្រោមសំបុត្រ និងឯកសារមួយចំនួន ត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់លោក លឿម ប៊ុនរឿន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដែលសាម៉ីខ្លួន លឿម ប៊ុនរឿន ទទួលស្គាល់ថា ជាលុយបានដោយខុសច្បាប់មួយចំនួន ។

ជារួមក្រោយពីទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូតដល់ថ្ងៃត្រូវបានឃាត់ខ្លួនលោកលឿម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុលផ្ទះ (៤០ ០០០ដុល្លារ) និងទិញផ្ទះពីរកន្លែង (១៦៨ ០០០ដុល្លារ និង ៧២ ០០០ដុល្លារ) ដីមួយកន្លែង (៤៤ ០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០ ០០០ដុល្លារទៀត ដូរឡាន LEXUS 570 ទិញឡាន KIA PICANTO ដើម្បីទុកដាក់ប្រាក់ពីផលបទល្មើសរបស់ខ្លួន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;