រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ក្រោមដី នៅ​ផ្លូវជាតិ​លេខ១

  • 2019-08-16 02:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន បុរីប៉េងហួត ដោយមាន​ការចូលរួម​ពីក្រុម​ជំនាញអង្គការ JICA និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ស្ថាបនា​ផ្លូវក្រោមដី តភ្ជាប់​ពីទីតាំង​ផ្លូវ​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល (PH ECO MALL) ទៅផ្លូវជាតិ​លេខ១ ក្បែរស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ថិតនៅក្នុង​ភូមិសាស្ត្រភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ។ នេះបើតាមការ​បង្ហាញ​ឱ្យដឹង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស លើសំណើ​សុំគោលការណ៍​ស្ថាបនា​ផ្លូវក្រោមដី​នេះ កាលពី​រសៀល​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

គម្រោង​ស្ថាបនា​ផ្លូវក្រោមដី​ដោយ​តភ្ជាប់​ពី​ទីតាំង​ផ្លូវ​ផ្សារទំនើប ភីអេច អេកូ ម៉ល (PH ECO MALL) ភ្ជាប់ទៅ​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ធ្វើឡើង​ដើម្បី​រំដោះចរារណ៍​លើកំណាត់​ផ្លូវជាតិលេខ១ ពោលគឺ​បើប្រជាពលរដ្ឋ​ចាកចេញ​ពី បុរី​ប៉េងហួត និង​ផ្សារទំនើប ភីអេច អេកូ ម៉ល ត្រូវ​មុជក្រោម​ដី ក្រោមផ្លូវជាតិ​លេខ១ ឆ្ពោះមក​រាជធានី​ភ្នំពេញ។

នៅតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើននិងបានធ្វើចរាចរលើផ្លូវនេះ ដែលទៀមទាអោយមាន U turn ដើម្បីជួយសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្បែរផ្សារ។ ក្នុងឆ្នាំ២០៣៥ អាចនឹងមាន Sky train ត្រង់ ចំណុចនេះ នៅពេលសាងសង់ត្រូវទុកគម្លាតសម្រាប់គ្រឹះរបស់ Sky train។ រដ្ឋបាលរាជធានីភ្នំពេញមានបទពិសោធន៍លើការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាច្រើននៅក្នុងរាជធានី។ ជាក់ស្តែង​ពេលនេះបាននឹងកំពុងសាងសង់ស្ពានអាកាសចោមចៅផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានជំរុញឱ្យក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាជាមួយក្រុមហ៊ុនបុរីប៉េងហួតនិងអង្គកាJICA មុនស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល។

គួររំលឹក​ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះ កិច្ចប្រជុំលើគម្រោងនេះបាន​ឯកភាពលើការងារមួយចំនួន ក្នុងនោះរួមមាន៖ ការងារនេះត្រូវបង្កើតគណៈកម្មការមួយ ដោយធ្វើលិខិតស្នើសុំតំណាងពីក្រសួងសាធារណការ ដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, អគ្គិសនីកម្ពុជា (EDC), ទូរគមនាគមន៍កម្ពុជា (TC), មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីចូលរួម។ សិក្សាច្រកផ្លូវចេញ-ចូល ឆ្លងកាត់ក្រោមផ្លូវជាតិលេខ១ជាកញ្ចប់ព្រោះទៅអនាគតនឹងមានប្រជាពលរដ្ឋនៅតំបន់នេះធ្វើដំណើរចេញចូលយ៉ាងច្រើនក្រោយពេលអភិវឌ្ឍរួច ដែលត្រូវមានជំរាលនិងចិញ្ចើមផ្លូវសម្រាប់ជនពិការផងដែរ។ត្រូវមានការប្រជុំដោះស្រាយផលប៉ះពាល់ និងវាយតម្លៃការចំណាយលើគម្រោង។ ការសិក្សាអំពីលក្ខណៈបច្ចេកទេសផ្លូវក្រោមដី ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលជាអ្នកទទួលការសាងសង់ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលើបទដ្ឋានបច្ចេកទេសតាមស្តង់ដារបស់ប្រទេសជប៉ុន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;