អត្ថបទ​ស្រាវជ្រាវពី​គមនាគមន៍​សម័យ​អង្គរល្បី​ដល់​ជប៉ុន​ស្នើ​សុំ​បកប្រែ​បង្រៀន​កូន​សិស្ស

  • 2019-08-20 04:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថាគ្រឹះស្ថានបោះពុម្ពសៀវភៅ​សិក្សា​ជប៉ុន​តៃស៊ូកាន់(TAISHUKAN)​បាន​ស្នើ​សុំ​អត្ថបទ​ស្រាវជ្រាវ​អំពី​បណ្ដាញ​ផ្លូវ​គមនាគមន៍​បុរាណ​​សម័យ​អង្គរ​ទៅ​បក​ប្រែ​ និង​បោះពុម្ព​សម្រាប់​បង្រៀន​សិស្ស​ជប៉ុន។

(រូបភាព៖ អាជ្ញាធរជាតិអប្សរា)
អាជ្ញា​ធរជាតិ​អប្សរា​នៅ​ព្រឹក​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លូន​ថាគ្រឹះ​ស្ថានបោះ​ពុម្ពសៀវ​ភៅ​សិក្សា​ជប៉ុន​តៃស៊ូកាន់បាន​ស្នើ​សុំ​អត្ថបទ​មួយ​ដែល​ជា​លទ្ធផល​នៃ​កិច្ចការ​ស្រាវ​ជ្រាវ​អំពីបណ្តាញ​គមនាគមន៍​បុរាណ​សម័យអង្គរ​យក​ទៅប្រែសម្រួល​បោះពុម្ពផ្សាយ​ក្នុងសៀវភៅ​សិក្សា​អប់រំថ្មី​របស់​ខ្លួន​។​​

​ប្រ​ភព​ពី​អាជ្ញាធរជាតិ​អប្សរា​ឲ្យ​ដឹងថា​អត្ថបទ​ដែល​គ្រឹះស្ថាន តៃស៊ូកាន់​ ស្នើយក​ទៅបក​ប្រែនិងបោះពុម្ព​នេះ ​គឺបានផ្សព្វផ្សាយ​នៅប្រទេសសិង្ហបុរី​នៅឆ្នាំ២០១៦​ មាន​ចំណង​ជើង​ជាភាសាអង់​គ្លេសថា​ «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border។​ បើ​ប្រែ​ប្រែសម្រួល​ជាភាសាខ្មែរមាន​ន័យថា​«ពីបណ្ដាញផ្លូវ​សម័យអង្គរទៅ​កាន់ទំនាក់ទំនងវ​ប្បធម៌​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ដីគោក​៖ ​គម្រោងស្រាវ​ជ្រាវទំនាក់ទំនង​វប្បធម៌​និងការ​អភិវឌ្ឍ​ឆ្លងព្រំដែន»។

(រូបភាព៖ អាជ្ញាធរជាតិអប្សរា)

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹងថា៖ «កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៩ គ្រឹះស្ថាន​អប់រំជប៉ុន​ TAISHUKAN បាន​ស្នើមក​កាន់​សហប្រធាន​នៃគម្រោង​ស្រាវ​ជ្រាវផ្លូវបុរាណ​សម័យអង្គរ​ ដែល​មាន​លោកបណ្ឌិត Surat Lertlum សហនិពន្ធ​ភាគីថៃ ​និង​លោក អ៊ឹម សុខរិទ្ធី ​សហនិពន្ធភាគី​អាជ្ញាធរជាតិអប្សរា​ ដើម្បី​សុំសិទ្ធិ​យកអត្ថបទ​ស្រាវ​ជ្រាវផ្លូវបុរាណ​សម័យ​អង្គរទៅ​បកប្រែនិង​បោះពុម្ពជាភាសាជប៉ុន ដើម្បី​បង្រៀន​សិស្សថ្នាក់​វិទ្យាល័យ។​ សំណើនេះ​ ត្រូវ​បានឯកឧត្តម​អគ្គនាយ​ក​អាជ្ញាធរ​ជាតិអប្ស​រាយល់ព្រម​ និង​ជំរុញឲ្យ​មានផ្សព្វផ្សាយ​ការ​អប់រំ​ឲ្យកាន់​តែទូលំទូលាយ​ផងដែរ​»។

ខ្លឹម​សារសង្ខេប​អត្ថបទនោះ​មាន​សេចក្ដី​ថា៖ ««តាម​ភស្តុតាង​នៃការស្រាវ​ជ្រាវ​នៃគម្រោង​សហការ​នេះ ​វិសាលភាព​នៃចក្រភព​ខ្មែរ​គ្របដណ្តប់​ស្ទើរ​តែពេញអាស៊ីអាគ្នេយ៍​ដីគោក​។ រាជ​ធានី​បំពាក់​ដោយហេដ្ឋារ​ចនាសម្ព័ន្ធ​ទឹក​ អប់រំ​ សុខាភិបាល ​បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង​ សំណង់រដ្ឋបាល ​សំណង់​សាសនា ​និងសំណង់​សាធារណៈផ្សេងៗ​។ បណ្តាញ​ផ្លូវ​តភ្ជាប់​ពីមណ្ឌល​រដ្ឋបាល​ សេដ្ឋកិច្ច​និង​នយោបាយ​ទៅកាន់​ខេត្តខ័ណ្ឌ​នានា ​ព្រមទាំង​តភ្ជាប់​ទៅ​នគរ​ជិត​ខាងផង​។ តាម​បណ្តោយ​ផ្លូវគមនាគមន៍​តែង​មានសាលាសំណាក់ ​ស្រះទឹក ​និង​មន្ទីរព្យាបាលរោគ សម្រាប់​អ្នក​ដំណើរ​និងអ្នក​ស្រុក​ជិតខាង​។ ចក្រភព​ខ្មែរ​មិនមែន​ពឹងផ្អែក​លើក​សិកម្មតែ​មួយមុខ​ទេ។ បណ្តាញ​គមនាគមន៍​កើត​ចេញពីការ​ស្រាវជ្រាវថ្មីៗ​នេះ បង្ហាញ​ថាចក្រភព​ខ្មែរជាដៃ​គូជំនួញ​ធំមួយក្នុង​បណ្តាញ​ជំនួញ​អន្តរជាតិ​តាមផ្លួវ​សមុទ្រ​ពីប៉ូលសេដ្ឋកិច្ច​អន្តរជាតិ​ខាងកើត​មាន​ចក្រភពចិន​ និង​ប៉ូល​សេដ្ឋកិច្ច​ខាងលិច​ មាន​ពែក​ អារ៉ាប់​និងឥណ្ឌា។​ ចក្រភព​ខ្មែរ​មានរាជធានី​នៅខាង​ក្នុងដី​ តែ​បាន​បើក​មុខតភ្ជាប់​ទៅកាន់​សមុទ្រចិន​ខាងត្បូង​ និង​សមុទ្រឥណ្ឌា​នៅ​ខាង​លិច»៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;