អាវុធ​ទំនើប​ៗ​មួយចំនួន នឹងដាក់បង្ហាញ​នៅ​ពិធី​គម្រប់​ខួប​នៃ​ការ​បង្កើត​ចិន​កុម្មុយនិស្ត

  • 2019-08-30 07:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ចិន​ នឹង​បង្ហាញ​ឧបករណ៍​យោធា​ទំនើប​ៗ​ផលិត​ក្នុង​ស្រុក​មួយ​ចំនួន​ នៅ​ក្បួន​ព្យុហយាត្រា​ដែល​​នឹងប្រព្រឹត្តិ​នៅ​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី ២៩​ ខែ​សីហា​ ឆ្នាំ​២០១៩​។

ក្បួន​ដង្ហែ​នេះ​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ០១​ ខែ​តុលា​ ឆ្នាំ​២០១៩​​​​​​​​​​​​​​​​​​​នៅ​រដ្ឋធានី​ ប៉េកាំង ​ក្នុង​ឱកាស​គម្រប់​ខួប​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រោយ​ពី​ជ័យជំនះ​របស់​បក្ស​កុម្មុយនិស្ត​កាល​ពី​ឆ្នាំ​ ១៩៤៩​។

បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ Xinhua ក្បួន​ព្យុហយាត្រា​នេះ​នឹង​មាន​ទំហំ​ធំ​ជាង​ក្បួន​កាល​ពី​ខួប​ទី​ ៦០ និង​ខួប​ទី​ ៥០ ហើយ​ក៏​ធំជាង​ក្បួន​ព្យុហយាត្រា​កាល​ពី​ខួប​ទី ៧០ នៃ​ជ័យជំនះ​លើ​ជប៉ុន​ក្នុស​អំឡុង​សង្គ្រាម​លោក​លើ​ក​ទី​ ២​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក​ឧត្ដមសេនីយ៍​ Cai Zhujin ជា​សមាជិក​កង​ទ័ព​ចិន​ បាន​និយាយ​ថា​កងទ័ព​ខ្លួន​ នឹង​ធ្វើ​ការ​បង្ហាញ​អាវុធ​ទំនើប​ជា​ច្រើន​ដែល​មិន​ធ្លាប់​បាន​ឃើញ​ នៅ​ក្បួន​ដង្ហែ​នេះ​។ លោក​មិន​បាន​បញ្ជាក់​ថា​អាវុធ​ណា​ទេ​ដែល​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ។

មីស៊ីល​ឆ្លងទ្វីប​ DF-41 នៅ​លើ​រថយន្ត​បាញ់​ចល័ត

បើ​តាម​កាសែត​ South China Morning Post ចិន​នឹង​បង្ហាញ​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​ DF-41 និង​JL-2។ មីស៊ីល​ទាំង​ពីរ​នេះ​គឺ​បំពាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ ដោយ​ DF-41 អាច​ភ្ផាប់​គ្រាប់​បែក​នុយក្លេអ៊ែរ​ចង្កោម​(មីស៊ីល​មួយ​ទម្លាក់​គ្រាប់​ច្រើន)​។ DF-41 គឺ​បាញ់​នៅ​លើ​គោកនៅលើរថយន្ត​បចល័ត​ រីឯ​ JL-2 វិញ​ គឺបាញ់​ដោយនាវា​មុជ​ទឹក​ប្រភេទ​ Jin។

យន្តហោះ​ទម្លាក់​គ្រាប់​បែក H-6K

ក្រៅ​ពី​មីស៊ីល​ពីរ​នេះ​ គេ​គិត​ថា​ក៏​មាន​បង្ហាញ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ H-6N ដែល​ជា​អ្នក​ស្នង​ដំណែង​យន្ត​ហោះ​ H-6K​។​ យន្ត​ហោះ​​បំបាំង​កាយ Chengdu J-20 ដែល​នឹង​ចូល​ប្រើប្រាស់​ក្នុង​ឆ្នាំ​នេះ អាច​នឹង​បង្ហាញ​មុខ​នៅ​ពិធី​នេះផង​ដែរ៕

យន្តហោះ​ចម្បាំង​គេច​ពីរ៉ាដា Chengdu J-20

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;