កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ ក្រោយពីនិយាយថាចង់បន្តការចរចាជាមួយអាមេរិក
- 2019-09-10 03:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ ក្រោយពីនិយាយថាចង់បន្តការចរចាជាមួយអាមេរិក
ចន្លោះមិនឃើញ
បើតាមប្រភពយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ចេញទៅសមុទ្រខាងកើតខ្លួន។ ការបាញ់នេះ កើតឡើងប៉ុន្មានម៉ោងក្រោយកូរ៉េខាងជើងបានប្រកាសថាពួកគេចង់បន្តកិច្ចចរចាអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
ការបាញ់មីស៊ីលនេះ គឺដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិកឲ្យថយមួយជំហាននៅពេលដែលកិច្ចចរចាបានបន្ត។ កូរ៉េខាងជើងត្រូវបានគេគិតថា នឹងទាមទារឲ្យអាមេរិកធានាសុវត្ថិភាពរបស់រដ្ឋាភិបាលកូរ៉េខាងជើង និងកាត់បន្ថយទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ។
ក្រសួងការពារជាតិកូរ៉េបានបញ្ជាក់ថា មីស៊ីលទាំងពីរនេះគឺបានបាញ់ចេញពីខេត្ត Phyongan ខាងត្បូង នៅជិតទីក្រុងព្យុងយ៉ាង ហើយមានទិសដៅហោះទៅរកឆ្នេរខាងកើតរបស់ខ្លួន។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុនការបាញ់នេះអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានប្រកាសថាប្រទេសលោកស្រីនឹងសុខចិត្តបន្តកិច្ចចរចាជាមួយអាមេរិកនៅចុងខែកញ្ញានេះ តែក្រុងវ៉ាស៊ីនតោនត្រូវមកតុចរចាជាមួយសំណើថ្មីដែលអាចទទួលយកបាន។ លោកស្រីបានបន្តទៀតថាបើសិនសំណើថ្មីរបស់អាមេរិកមិនអាចបំពេញចិត្តរបស់កូរ៉េខាងជើង កិច្ចចរចារវាងភាគីទាំងពីរនឹងត្រូវបញ្ឈប់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាការប្រកាសនេះគឺគួរឲ្យចាប់អារម្មណ៍។ «យើងនឹងចាំមើលមានអ្វីកើតឡើង»។
លោក ត្រាំ បានបន្តទៀតថា៖ «យើងបានចំណាប់ខ្មាំងរបស់យើងត្រលប់មកវិញ យើងក៏កំពុងទទួលសាកសពរបស់វីរបុរសដ៏អស្ចារ្យរបស់យើង ហើយក៏គ្មានការសាកល្បងអាវុធនុយក្លេអ៊ែរជាយូរមកហើយ»៕