រដ្ឋមន្រ្តី​សេដ្ឋកិច្ច ប្រាប់​ធនាគារ​ពិភពលោក​ថា កម្ពុជា​នៅតែ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ចខ្ពស់ឆ្នាំនេះ

  • 2019-09-17 01:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា ​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​វាយតម្លៃ​ថា​អាច​សម្រេច​បាន​កំណើន​ខ្ពស់​រហូត​ដល់ ៧,៥% ក្នុង​ឆ្នាំ២០១៨ និង​តាម​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នេះ នឹង​អាច​នៅតែ​សម្រេច​បាន​ប្រមាណ ៧% ក្នុងឆ្នាំ​២០១៩។ លោក​ថ្លែងដូច្នេះ​ទៅកាន់​លោកស្រី វិចតូរៀ ខ្វាខ្វា អនុ​ប្រធាន​ធនាគារ​ពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ក្នុង​ជំនួប​គ្នា​មួយ កាលពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩។

លោក​ឧបនាយករដ្ឋមន្រ្តី​លើកឡើង​ថា កម្ពុជា​កំពុង​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់​តម្រង់​ទិស​ឆ្ពោះ​ទៅរក​ចក្ខុវិស័យ​ឆ្នាំ២០៥០ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍន៍ ដោយ​បាន​កំណត់​យកឆ្នាំ​២០៣០ ជាឆ្នាំគោល ដែលត្រូវសម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជាសារវ័ន្ត នៃ​កំណែ​ទម្រង់​សំខាន់ៗ និង​ការ​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់។

ជាការ​ឆ្លើយតប លោកស្រី​អនុប្រធាន​លើកឡើង​ថា ធនាគារ​ពិភពលោកតែង​ប្រកាន់​ជំហរ​ច្បាស់​លាស់ ក្នុងការ​ធ្វើកិច្ច​សហប្រតិបត្តិការ​ល្អ និង​ពេញលេញ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ចំណែក​បន្ត​ជំរុញ​កិច្ច​អភិវឌ្ឍ​នៅកម្ពុជា។ ជាក់ស្តែង​កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ធនាគារ​ពិភពលោក​បាន​អនុម័ត «ក្របខណ្ឌ​នៃ​ភាព​ជាដៃគូ​រវាង​រាជរដ្ឋាភិបាល ជាមួយ​ WB ឆ្នាំ​២០១៩-២០២៣» ដែល​គ្រោង​ទឹក​ប្រាក់​សរុប​ចំនួន​ប្រមាណ ១ពាន់លានដុល្លារ ដែល​ឯកសារនេះ គឺ​ជាក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​រយៈពេល​មធ្យម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ធនាគារ​ពិភពលោក៕

អត្ថបទ និងរូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អត្ថបទថ្មី
;