អាជ្ញាធរជាតិអប្សរា បង្ហាញ​គំរូ​ផ្ទះ​បុរាណ ៥ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​​ប្រជាពលរដ្ឋ​សាង​សង់

  • 2019-09-18 04:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជា​ពិសេស​លើក​តម្លៃ​និង​អភិរក្ស​ផ្ទះបុរាណខ្មែរអាជ្ញាធរ ​ជាតិ​អប្សរា​បាន​ដាក់​ចេញ​នូវ​គោលការណ៍​គំរូ​សាង​សង់​លំ​នៅ​ដ្ឋាន​បែប​ខ្មែរ​បុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជា​ប្រភេទសំណង់ស្រាល គ្មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយ​ប្រភេទ​នីមួយៗ​មាន​ភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យអ្នកស្រុកអង្គរ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬ​សាង​សង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះចាស់ ក្នុង​នោះ​ដែរ ផ្ទះ​ដែល​ត្រូវ​បានអនុញ្ញាតឱ្យសាងសង់ គឺ​ជា​ប្រ​ភេទ​ផ្ទះ​ដែល​មាន​រចនា​បថ​បែប​ខ្មែរ មាន​ចំនួន ៥ប្រភេទ គឺប្រភេទផ្ទះខ្មែរ ឬកឹង ប្រភេទផ្ទះរោង(ផ្ទះកន្តាំង) ប្រភេទ​ផ្ទះ​រោង​ដោល ប្រភេទ​ផ្ទះរោងឌឿង និងប្រភេទផ្ទះប៉ិត។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ដូច​ជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ជីក​គ្រឹះ​ជ្រៅ​ទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរក៏បានគិតគូដល់ថ្នាំពណ៌ផ្ទះ ដំបូលត្រូវធ្វើអំពីក្បឿងប្រើពណ៌ដីដុត ឬ​ពណ៌ស៊ីម៉ងត៍ ហ្វ៊ីប្រូ ឬស័ង្កសីត្រូវប្រើពណ៌ក្រហម ឬពណ៌បៃតង ជញ្ជាំង​ឥដ្ឋ​ខាង​ក្រោម​អាច​លាប​ពណ៌​ស៊ី​ម៉ងត៍ ឬពណ៌ដីលែង ឱ្យស្រគាំទៅនឹងពណ៌ឈើ ចំណែកឯជញ្ជាំង ទ្វារ បង្អួច ដែល​ធ្វើ​អំពី​ឈើ​ត្រូវ​ទុកសាច់ឈើធម្មជាតិ ឬក៏​លាប​ពណ៌​ដូច​ឈើ​ធម្មជាតិ ហើយ​ពណ៌​ក្រៅ​ពី​នេះ​ដែល​មាន​សភាព​ស្រស់​ឆើតឆាយ ត្រូវបានហាមឃាត់ ពុំអនុញ្ញាតឡើយ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់១ និងតំបន់២ អាចរុះរើ ជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬ​សាង​សង់​ផ្ទះ​ថ្មីជំនួសផ្ទះចាស់បាន ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុន ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ នស/រកត/០១៩៩/១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩ និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល លេខ០២ បប ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៤ ព្រម​ទាំង​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤៕

អត្ថបទៈ លោក ចិន ស៊ីយ៉ាំង រូបភាពៈ នាយកដ្ឋានរៀបចំដែនដី និង គ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

អត្ថបទថ្មី
;