WHO ផ្ដល់​លុយ ៣លានដុល្លា ជួយ​វិស័យសុខាភិបាល និង​ការងារនៅកម្ពុជា

  • 2019-09-20 03:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការសុខភាពពិភពលោក (WHO) បានទម្លាក់កញ្ចប់ថវិកាប្រមាណ ៣លានដុល្លារ ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ថ្មី ផ្តោតលើវិស័យសុខាភិបាល និងវិស័យការងារនៅប្រទេសកម្ពុជា ប្រទេស កៀ​គី​ស៊ី​ស្ថាន (Kyrgyzstan) នេប៉ាល់ និងស្រីលង្ការ នោះគឺកម្មវិធី «The Working for Health Programme» ដែល​ជា​គម្រោងថវិកាកម្មវិធីរយៈពេល ៣ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដល់​ខែឧសភា ឆ្នាំ២០២១។

លោក John Ritchotte មន្ត្រី​ទទួល​បន្ទុក​ទំនាក់ទំនងអន្តរជាតិប្រចាំទីក្រុងបាងកក បាន​មក​ជួប​ពិភា​ក្សា​ការងារ​ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​សុំ​ការ​គាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាល​ពី​សៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

លោក John Ritchotte បានឱ្យដឹងថា គម្រោងនេះនឹងជួយអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា តាម​រយៈ​ការពង្រីកសេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋ ដែល​ត្រូវ​ការ​សេវា​សុខាភិបាល​កាន់​តែ​ច្រើនឡើង ខណៈសេវាសុខាភិបាលនៅកម្ពុជាបច្ចុប្បន្ន កំពុងតែមានតម្រូវការ។

តាមរយៈការពង្រីកសេវាសុខាភិបាល នៃការអនុវត្តគម្រោងនេះ ក៏​បាន​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ដល់​ធនធានមនុស្ស ដែលបាននិងកំពុងសិក្សាផ្នែកសុខាភិបាល វេជ្ជសាស្ត្រ និង​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​ការងារ​នៅកម្ពុជាថែមទៀត។ វា​ក៏​ចូល​រួម​ចំណែក​ដល់​ការ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាលកម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ និង​គោល​នយោបាយ​ជាតិ​មួយ​ចំនួនទៀត។

លោក John បានបន្ថែមថា សម្រាប់នៅកម្ពុជា ដៃគូសំខាន់ក្នុងការអនុវត្តគម្រោងនេះ គឺ​អង្គការ​សុខ​ភាព​ពិភពលោក និងក្រសួងសុខាភិបាល ក្រៅពីនោះមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ OECD ព្រមទាំងដៃគូនិយោជក និងសហជីព។

ឆ្លើយតបនឹងការរៀបរាប់ខាងលើ លោកអ៊ិត សំហេង បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្ត​គម្រោង​នេះ ព្រោះ​​ថា​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ត្រូវការ​ដៃគូ​ជួយ​អភិវឌ្ឍន៍​វិស័យ​សុខាភិ​បាល ក៏​ដូចជាវិស័យការងារផងដែរ។ លោករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​គម្រោង​សូម​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ពលកម្ម​ផ្នែក​សង្គម និងផ្នែកសុខាភិបាលនៅកម្ពុជា និងការពង្រឹងយន្តការត្រីភាគី ដើម្បី​កំណត់​អាទិភាព​សម្រាប់ការអភិវឌ្ឍពលកម្មខាងលើ។

សូមជម្រាប​ដែរ​ថា គម្រោងនេះមានការចូលរួមគាំទ្រដោយមូលនិធិសន្តិភាព និង​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជា​ជាតិ-ចិន ហើយជាជំនួយគាំទ្រដល់កិច្ចសន្ទនាអន្តរវិស័យ ក្នុង​គោល​បំណង​សម្រប​សម្រួល​ដល់​ផែនការសុខុមាលភាពពលកម្ម និងបង្កើនការវិនិយោគទៅលើវិស័យនេះ ទាំងក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;