ការ​លា​ឈប់​របស់​បុគ្គល២រូប ធ្វើ​ឲ្យ Apple ខាតបង់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត

  • 2019-09-25 02:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លងកាត់​ការ​បង្កើត​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ ១៩៧៦ Apple ​បាន​ប្រមូល​ផ្តុំ​នូវ​បុគ្គលិក​និង​នាយក​គ្រប់​ជាន់​ខ្ពស់​ដែល​មាន​សមត្ថភាព​និង​ទេពកោសល្យ​ច្រើន​រាប់​មិន​អស់។ ម្នាក់ៗ​មិន​អាច​ឈរ​ជើង​ជា​រៀង​រហូត​បាន​ទេ ខ្លះ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ក៏​សម្រេច​លា​ឈប់​ពី​តំណែង​ផ្លាស់​ទៅ​ចាប់​ទ្រនំ​ថ្មី។

ក្នុង​នោះ​មាន​បុគ្គល ២ រូប​ដែល​លា​ឈប់​ពី Apple ​ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​ខាតបង់​មិន​ចេះ​តិច រហូត​ដល់​ទៅ​ជិត ២០ ពាន់​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

ទី​មួយ​គឺ​ស្ថាបនិក​លោក Steve Jobs ​ដែល​នៅ​ឆ្នាំ ២០១១ ដោយ​សារ​កត្តា​បញ្ហា​សុខភាព​ចុះ​អន់ថយ ​CEO រូប​នេះ​ត្រូវ​បង្ខំ​ចិត្ត​លា​ឈប់​ពី​តំណែង ហើយ​ជំនួស​ដោយ​លោក Tim Cook ​ចូល​កាន់​តំណែង​ជំនួស។ ប៉ុន្តែ​មួយ​ពព្រិចភ្នែក​ភាព​ចលាចល​ក៏​រង្គោះរង្គើ​ឲ្យ​តម្លៃ​ទ្រព្យ​របស់​ Apple ​បាន​មាន​ការ​ធ្លាក់ចុះ​អស់​ប្រមាណ ១០ ពាន់​លាន​ដុល្លារ​អាមេរិក។

ទី​ពីរ​គឺ​ស្តេច​ឌីហ្សាញ​លោក Jonathan Ive ​ដែល​បាន​ប្រកាស​លាឈប់​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​ក្រោយ​មក​ចូលរួម​ជា​លើក​ដំបូង​បង្អស់​នា​ឆ្នាំ ១៩៩២ ជាមួយ Apple ​និង​កាន់កាប់​គ្រប់​គម្រោង​ទាំង​អស់​មិន​ថា​តែ​ការ​រចនា​បង្កើត iMac នា​ឆ្នាំ ១៩៩៨។ យ៉ាងណាមិញ​ការ​បាត់បង់​បុគ្គល​ដ៏​សំខាន់​រូប​នេះ ទីផ្សារ​ភាគហ៊ុន​របស់ Apple ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ រហូត​រុញ​ឲ្យ​តម្លៃ​ទ្រព្យ​ខាតបង់​ប្រមាណ ៩ ពាន់​លាន​ដុល្លារ​អាមេរិក។

Apple ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ទ្រព្យ​លោត​ដល់​ចំណុច ១ ពាន់​ពាន់​លាន​ដុល្លារ​មុន​គេ​បង្អស់​ក្នុង​លោក ​គិត​មក​ទល់​សព្វថ្ងៃ​ធ្លាក់​សល់​ត្រឹម ៩១៩ ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ gadgetsnow ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;