សភាអាមេរិកចាប់ផ្ដើមជាថ្មី លើការស៊ើបអង្កេតដកលោក ត្រាំ ចេញពីតំណែង
- 2019-09-25 06:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សភាអាមេរិកចាប់ផ្ដើមជាថ្មី លើការស៊ើបអង្កេតដកលោក ត្រាំ ចេញពីតំណែង
ចន្លោះមិនឃើញ
សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានចាប់ផ្ដើមជាថ្មីលើការស៊ើបអង្កេតដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចោទលោកថាដាក់សម្ពាធលើរដ្ឋាភិបាលអ៊ុយក្រែនឲ្យជួយខ្លួនក្នុងការបង្ខូចកេរ្តិ៍ឈ្មោះលោក Joe Biden។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាសការស៊ើបអង្កេតនេះក្រោយកិច្ចប្រជុំបិទទ្វារសមាជិកសភាជាន់ខ្ពស់មួយចំនួន ដោយលោកស្រីបាននិយាយថា សកម្មភាពរបស់លោកត្រាំធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងរំលោភបំពានរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
ប៉ុន្មានខែមុន លោកស្រីមានភាពស្ទាក់ស្ទើរក្នុងការបើកស៊ើបអង្កេតដកលោកត្រាំ តែឥឡូវនេះបានទទួលយកគំនិតយ៉ាងពេញលេញដោយលោកស្រីបាននិយាយថា៖ «ប្រធានាធិបតីត្រូវមានទំនួលខុសត្រូវ គ្មាននរណាគេនៅពីលើច្បាប់ទេ»។
គួរបញ្ជាក់ថា ការស៊ើបអង្កេតលើកនេះចាប់ផ្ដើមដោយសារការរាយការណ៍មួយចំនួនដែលបានអះអាងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក ត្រាំបានធ្វើការហៅទូរសព្ទទៅប្រធានាធិបតីអ៊ុយក្រែនឲ្យជួយវាយប្រហារកូនរបស់លោក Joe Biden។ បើតាមការចោទប្រកាន់ខាងលើលោក ត្រាំ បានគំរាមកាត់ជំនួយយោធាចំនួន ៤០០ លានដុល្លារបើសិនអ៊ុយក្រែនមិនធ្វើតាម។
សូមបញ្ជាក់ថាលោក Joe Biden ជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកក៏ជាបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ប្រជែងនឹងលោក ដូណាល់ ត្រាំ ផងដែរ។ កូនរបស់លោកមានឈ្មោះ Hunter Biden មានអាជីវកម្មមួយចំនួននៅប្រទេសអ៊ុយក្រែន។
លោក ត្រាំ បាននិយាយថាលោកពិតបានលើកឡើងរឿងកូនលោក Joe Biden ពិតមែន តែមិនបានគំរាមថាដកជំនួយយោធា ៤០០លានដុល្លារនេះទេ។ លោកបានសន្យាថានឹងបញ្ចេញជាសាធារណៈនូវសារឆ្លើយឆ្លងរវាងលោក និងប្រធានាធិបតីអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ៕