ADB មើលឃើញ​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​របស់​​កម្ពុជា ក្នុង​ឆ្នាំ២០១៩

  • 2019-09-26 01:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍ថ្មីមួយដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងថ្ងៃនេះ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះ បើទោះបីជាផលិតកម្មកសិកម្មមានការកើនឡើងយឺតជាងការរំពឹងទុកក៏ដោយ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអំពីសេដ្ឋកិច្ច ដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៩ ADB រក្សាការព្យាករណ៍របស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពិតសម្រាប់ប្រទេសកម្ពុជា ក្នុងកម្រិត ៧,០% សម្រាប់ឆ្នាំនេះ និង ៦,៨% សម្រាប់ឆ្នាំ២០២០។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា​បន្តរីកចម្រើនក្នុងល្បឿនមួយដ៏ខ្លាំងក្លា ដោយសារវិស័យសេដ្ឋកិច្ចនាំមុខ ដូចជា កាត់ដេរ ទេសចរណ៍ពាណិជ្ជកម្ម និងសំណង់ នៅតែបន្តមានភាពរឹងមាំ។ ជាមួយនឹងភាពមិនប្រាកដប្រជានៃ បរិយាកាសពាណិជ្ជកម្មសកលមានការកើនឡើង ព្រមទាំងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្មដូចជា ទេសចរណ៍កម្ពុជាត្រូវការយុទ្ធសាស្ត្រពិពិធកម្មមួយជាបន្ទាន់ ដែលផ្តោតលើអ្វីដែលមានភាពសមស្របសម្រាប់ ខ្លួនឯង ព្រមទាំងផ្តោតលើផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

លោកស្រី​បន្តថា ការធ្វើបែបនេះតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលកើតឡើងពីការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងតែមានកំដៅកើនឡើង ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយជំនាញ និងមានផលិតភាពខ្ពស់ជាងមុន ដើម្បីរក្សាតុល្យភាពនឹងប្រាក់ឈ្នួលដែលកំពុងកើនឡើង និង ទាក់ទាញការវិនិយោគមូលធនប្រកបដោយគុណភាពខ្ពស់ ដែលទាំងអស់នេះត្រូវការឱ្យមានផងដែរនូវអភិបាលកិច្ចល្អ និងស្ថាប័នដែលរឹងមាំ។

របាយការណ៍នេះ បានកត់សម្គាល់អំពីហានិភ័យចំពោះផលិតកម្មដែលអាចរងផលប៉ះពាល់ពីការប្រែ ប្រួល​អាកាសធាតុ។ គ្រោះរាំងស្ងួតដែលបានកើតឡើងនៅអំឡុងពាក់កណ្តាលឆ្នាំដំបូង បានធ្វើឱ្យផលិតកម្មកសិ ផល និងជលផលមានការធ្លាក់ចុះដោយបានកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម មកត្រឹម ប្រមាណ ១,១% សម្រាប់ឆ្នាំនេះ។ កំណើនវិស័យឧស្សាហកម្ម មានភាពរឹងមាំដោយសារកំណើនដ៏ឆាប់រហ័សនៃផលិតកម្មកាត់ដេរសម្លៀកបំពាក់ស្បែកជើង ជាពិសេសទំនិញសម្រាប់ការធ្វើដំណើរ ដែលបាននាំឱ្យមានការ តម្លើងការព្យាករណ៍របស់ ADB ពី ១០,១% កាលពីខែមេសាកន្លងទៅ ទៅ១០,៦% សម្រាប់វិស័យនេះ។

កំណើននៃការនាំចូលលឿនជាងការរំពឹងទុក បើទោះបីការនាំចេញទំនិញ និងការមកដល់នៃភ្ញៀវទេសចរ មានការកើនឡើងយ៉ាងរឹងមាំក៏ដោយ។ ដូច្នេះ ឱនភាពគណនីចរន្ត (ដោយមិនរាប់បញ្ចូលជំនួយឥតសំណង) ត្រូវបានរំពឹងថានឹងកើនឡើងនៅក្នុងរយៈពេលនៃការព្យាករណ៍នេះ។ ឱនភាពនេះទទួលបានហិរញ្ញប្បទានពីលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ដែលនឹងបន្តគរពូនទុនបម្រុងដុលអន្តរជាតិឱ្យឡើងដល់ប្រមាណ ១២,៣ ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំនេះ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល៦ខែ។

ដោយសារប្រេងឥន្ធនៈមានតម្លៃទាបជាងមុន និងតម្លៃស្បៀងអាហារមានការកើនឡើងតិចតួច​អតិផរណា មានកម្រិតទាបត្រឹម ១,៤% នៅចុងខែមិថុនា បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៨ និង រំពឹងថាមានកម្រិត ២,២% ជាមធ្យម សម្រាប់ឆ្នាំ ២០១៩។

ធនាគារអភិវឌ្ឍន៍អាស៊ីប្ដេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។ ក្នុងឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១,៦ពាន់លានដុល្លារ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៨ ក្នុងនោះ មាន៤៩ប្រទេសនៅក្នុងតំបន់នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;