អូស្ត្រាលី បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅកម្ពុជា ក្នុង​គោលដៅ​ជំរុញ៣​ចំណុច

  • 2019-09-26 06:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី ត្រូវបាន​រៀបចំ​ឡើង​នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី។ លោកស្រី អ៊ាត សោភា​ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក រីឆាត ម៉ូដ (Richard Maude) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួង​​​ការបរទេស និងពាណិជ្ជកម្ម​អូស្ត្រាលី បានធ្វើជា​សហប្រធាន​នៃកិច្ចប្រជុំ​នេះ។

រូបថត៖ ក្រសួងការបរទេស

ភាគី​អូស្ដ្រាលី​ បាន​បញ្ជាក់អំពី​ការបន្ត​គាំទ្រ​បន្ថែមទៀត​ដល់ការ​អភិវឌ្ឍ​នៅកម្ពុជា តាមរយៈផែនការ​វិនិយោគលើ​ជំនួយ​សម្រាប់​ឆ្នាំ២០២០-២០២៤ ដែលមាន​គោលដៅ​ជំរុញ (១)​ សេវា​​សាធារណៈប្រកបដោយនិរន្ដរភាព​ និងបរិយាប័ន្ន (២) កំណើន​សេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន និង (៣) ដំណើរការ​រៀបចំ​គោលនយោបាយ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព។

ភាគី​កម្ពុជា បានសម្ដែង​នូវអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះអូស្ដ្រាលីដែលបានគាំទ្រដំណើរការសន្ដិភាពនៅកម្ពុជា និងការបន្ដផ្ដល់ជំនួយលើវិស័យសំខាន់ៗ រួមមាន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល​ ការបោសសម្អាតមីន យេនឌ័រ និងពិការភាព ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​​ ការគ្រប់គ្រងធនធានទឹក និងថាមពល។

​ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំងពីរមានមតិស្របគ្នាថា នៅមានសក្ដានុពលច្រើន ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍រវាងកម្ពុជា និងអូស្ដ្រាលី និងបានព្រមព្រៀងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ រិះរកវិធី និងមធ្យោបាយនានាដើម្បីជំរុញវិស័យទាំងនេះឱ្យបានរីកចម្រើនបន្ថែមទៀត។ ភាគីទាំងពីរមានយោបល់ដូចគ្នាថា ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន នឹងលើកកម្ពស់ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចរវាង​ប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបាន​​កត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងភេរវកម្ម អន្តោប្រវេសន៍ខុសច្បាប់ និងការគ្រប់គ្រងព្រំដែន ព្រមទាំងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះបន្ថែមទៀត។​

ភាគីទាំងពីរក៏បានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា​ជាទៀងទាត់ រវាងស្ថាប័នការពារជាតិរបស់ប្រទេសទាំងពីរ តាមរយៈយន្តការដែលមានស្រាប់។

កិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា និងលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងកម្ពុជា និងអូស្ដ្រាលី លើវិស័យសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។

ក្រៅពីទំនាក់ទំនងទ្វេភាគី កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលរួមមាន កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអនុតំបន់មេគង្គ និងអាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលភាគីទាំងពីរមានជំហរដូចគ្នាថាគួរតែសម្រេចឱ្យបានឆាប់បំផុត បញ្ហាសមុទ្រចិនខាងត្បូង គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាកូរ៉េខាងជើង និងសង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក-ចិន។

គណៈប្រតិភូកម្ពុជាក៏បានចូលរួមកិច្ចសន្ទនាតុមូលស្តីពី “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ” ដែលរៀបចំដោយ លោកជំទាវ ភេនី វីលាម (Penny Williams) អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីអូស្ត្រាលី ដែលបានផ្តល់បដិ​សណ្ឋារកិច្ចដ៏កក់ក្ដៅ ក្នុងអំឡុងពេលគណៈប្រតិភូស្នាក់នៅទីក្រុងកង់បេរ៉ា និងបានព្រមព្រៀងជាមួយភាគីអូស្ត្រាលីថានឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកក្រោយ ក្នុងឆ្នាំ២០២០៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;