យានយន្ត​ដែល​គ្មានស្លាកលេខ នឹងត្រូវ​ប៉ូលិសចាប់​យកមក​រក្សាទុក ចាប់ពីថ្ងៃទី២១ ខែតុលា

  • 2019-10-11 03:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ប្រកាស​ថា ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩តទៅ ខ្លួន​នឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជាបណ្តោះអាសន្ន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាកលេខ​យក​មក​រក្សាទុក និង​ធ្វើការ​ផាក​ពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ទាល់តែធ្វើស្លាក​លេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត ឱ្យ​យកត្រឡប់​ទៅវិញ​បាន។

ក្នុង​សេចក្តីជូនដំណឹង​ចុះនៅថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បាន​សង្កេត​ឃើញ​មាន​រថយន្ត និង​ទោចក្រ-ត្រីចក្រយានយន្ត មួយ​ចំនួន​ដែល​ធ្វើចរាចរណ៍​នៅតាម​ដងផ្លូវដោយ​គ្មាន​ស្លាកលេខ ឬប្រើប្រាស់​ស្លាកលេខ​មិនប្រក្រតី និង​បាន​ឆ្លៀត​ឱកាស​យក​រថយន្ត និងទោចក្រ-ត្រីចក្រយានយន្ត​ទាំងនោះ ទៅ​ប្រព្រឹត្ត​អំពើឆក់ ប្លន់ ឬ​ធ្វើសកម្មភាព​ល្មើសច្បាប់ផ្សេងៗ​ទៀត និង​បង្ក​គ្រោះថ្នាក់​រួចបើក​គេចវេស​ពីការ​ទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយ​គ្នានេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនត្រឹមត្រូវ ត្រូវ​រួសរាន់​ទៅបំពេញ​បែបបទ​សុំស្លាកលេខ និង​បណ្ណ​សម្គាល់​រថយន្ត និង​ទោចក្រ-ត្រី​ចក្រយានយន្ត​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;